Credited: រស្មីកម្ពុជា:
ភ្នំពេញ៖ បន្ទាប់ពីបានពិសារអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីឡាវ និង នាយករដ្ឋមន្ត្រីវៀតណាម រួចមកនៅព្រឹកថ្ងៃទី១៣កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបពិភាក្សាទ្វេភាគីនោះលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបាលចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧នៅទីក្រុងហាណូយប្រទេសវៀតណាម។លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាវត្តមានរបស់សម្តេចតេជោបានផ្តល់ នូវសារៈសំខាន់ខ្លាំងណាស់ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។ ពិសេសសុន្ទរកថារបស់សម្តេចក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក និង បទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គគឺពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតពិសេសផ្តល់នូវសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់អាស៊ាន និង ប្រទេសក្នុងតំបន់មេគង្គ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានថ្លែងនូវការអបអរសារទរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលនូវការតែងតាំងសារជាថ្មីម្តងទៀតក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រីវៀតណាមដែលបាន ផ្ញើនូវសារលិខិតអបអរសាទរជូនចំពោះសម្តេចដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៦នៃរដ្ឋសភា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាសម្តេចពិតជាមានការសប្បាយរីករាយក្នុងការបន្តធ្វើការជាមួយបណ្តាមេដឹកនាំទាំងអស់របស់ អាស៊ានដើម្បីបន្តបេសកកម្មរបស់យើងក្នុងការ កសាងសហគមន៍អាស៊ានកាន់តែរឹងមាំនិងរីកចម្រើនទៅមុខ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាមបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការខិត ខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិ សុខនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ សំដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាលនិងការតភ្ជាបរវាង ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា វៀតណាម ។ ក្នុងជំនួបពិភាក្សាគ្នានោះមេ ដឹកនាំនៃប្រទេសទាំងពីរក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យបានសំរេចតាមគោលដៅដែ ល មេដឹកនាំទាំងពីរចង់បាន ។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទៅលើទំនាក់ទំនង ទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ភាគីទាំងពីរក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលនឹងត្រូវចុះហត្ថលេខា នៅពេលខាងមុខ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការឈានទៅបោះ បង្គោ លព្រំដែនឲ្យបានចប់នៅពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានជំរាបជូនសម្តេចតេជោ ហ៊ុន សែន ពីការយាងព្រះមហាក្សត្រកម្ពុជានិងសម្តេចម៉ែស្តេចយាងទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៩ខាងមុខផងដែរ ។ សម្តេចតេជោក៏បានទទួលយកនូវការអញ្ជើញបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងពេលខាងមុខ ដើម្បីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជាវៀត ណាមផងដែរ៕

0 comments