Credited: រស្មីកម្ពុជា:
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ភារកិច្ចរបស់កងទ័ព គឺការពារជាតិ ការពារបូរណភាពទឹកដី មិនមែនទៅវាយលុកយកទឹកដីរបស់ប្រទេសណានោះទេ ប៉ុន្តែកងទ័ពកម្ពុជាក៏មិនឲ្យគេមកយកទឹកដីដែរ។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ជាមួយក្រុម ហ៊ុនអ៊ិចសឹឡិនស៍ឡូជីស្ទីក (EXCELLENCE LOGISTICS CO.,,LTD) និង ក្រុមហ៊ុនអូតូម៉ាតា ត្រេឌីង (ខេមបូឌា)ឯ.ក (AUTOMATATRADING(CAMBODIA)CO.,LTD) នៅទីតាំងមូលដ្ឋានកងការពារអាកាស កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ស្ថិតនៅក្នុងបរិយាកាសនេះ សូមកោតសរសើរមេបញ្ជាការ មេបញ្ជាការង នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងបញ្ជាការដ្ឋានការពារអាកាស ដែលបានបំពេញភារកិច្ចជូនអង្គភាពយ៉ាងខ្ជាប់ខ្ជួន នៃដំណើរការការកសាងអង្គភាពការងារហ្វឹកហ្វឺនបំប៉នសមត្ថភាព ជាពិសេសការអនុវត្តការងារ ក្នុងទិសដៅយុទ្ធសាស្ត្រកងទ័ព ដើម្បីការពារជាតិការពារបូរណភាពទឹកដី ដែលបេសកកម្មរបស់កងទ័ពរបស់យើងគឺពង្រឹងការការពារអាកាស។
លោកបានបញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់កងទ័ព គឺមានទស្សនៈវែងឆ្ងាយណាស់នៅក្នុងការកសាងទាំងផ្នែករឹង (សម្ភារ: យុទ្ធោបករណ៍ គ្រឿងបំពាក់ គ្រឿងចក្រ) និងផ្នែកទន់ (សមត្ថភាពកងកម្លាំង) តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពជំនាញ ជាពិសេសការផ្ទេរចំណេះដឹងសមត្ថភាពជំនាញ ការដឹកនាំបញ្ជា ពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលសំខាន់ គឺគិតពីកម្លាំងជំនាញទាំងអស់ ដែលត្រូវបន្តវេនតាមជំហាន ក្នុងនោះរួមមាន លក្ខណៈបទពិសោធន៍ការងារ ចំណេះដឹងជំនាញ សមត្ថភាព ភាពជាអ្នកដឹកនាំដើម្បីយើងដឹកនាំបន្តទៅមុខទៀត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងអស់គ្នាជូនទាហាននាយ ទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានការពារអាកាសជើងគោក។ សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលជាសម្ព័ន្ធមេត្រីភាពបានស្ម័គ្រចិត្តចូលរួមក្នុងការងារអង្គភាពកងទ័ពដើម្បីជួយសម្រួលដល់កងទ័ពនៅក្នុងការពារជាតិទាំងអស់គ្នា ហើយការងារចូលរួមសំខាន់ណាស់យើងធ្វើមិនមែនតែសម្រាប់បច្ចុប្បន្នទេគឺសម្រាប់អនាគត។ សង្ឃឹមថា តាមរយៈការជួយឧបត្ថម្ភការចូលរួមរបស់ដៃគូក្រុមហ៊ុន នឹងបន្តជួយទៅតាមលទ្ធភាព ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់កងទ័ពដើម្បីជួយគ្នា។ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។ ដោយសារសុខសន្តិភាពស្ថេរភាពនេះហើយ បានជាយើងមានឱកាសទាំងអស់គ្នានៅពេលបច្ចុប្បន្ននេះ។ ហើយកងទ័ពបានខិតខំខ្លាំងណាស់នៅក្នុងការចូលរួមការពារសុខសន្តិភាព។ ប្រទេសមួយខ្លាំង ទាល់តែកងទ័ពខ្លាំងដែរបើកងទ័ពមិនខ្លាំងគេមើលងាយយើង៕

0 comments