Credited: រស្មីកម្ពុជា :
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់គ.ជ.ប. បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំពាងរាស្ត្រ នីតិកាលទី៦ និងបណ្តឹងពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោត នៅព្រឹកថ្ងៃទី០៤ ខែកក្កដា នេះ នៅសាលសន្និសីទសារព័ត៍មាន ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធ។
លោកឯម សុផាត ប្រធានដឹកនាំអង្គប្រជុំ និងជាសមាជិកគ.ជ.ប បានថ្លែងថា ការឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ការឃោសនាបោះឆ្នោត គឺផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សនិមួយៗជូនដល់អ្នកបោះឆ្នោត។ ការឃោសនាគឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ ការឃោសនាឧបករណ៍បំពងសម្លេងហាមមិនឲ្យចាក់បំពងសម្លេងក្បែរមន្ទីរពេទ្យ ឧត្តមសិក្សា សាលារៀន។គ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយទាំងអស់ត្រូវបញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។
លោកបានបញ្ជាក់ថា ការហែរក្បួនឃោសនាយ៉ាងច្រើន៤ដង សូមអោយគ្រប់គណបក្សនយបាយទាំងអស់គោរពអោយបានត្រឹមត្រូវ។ គណបក្ស និងបេក្ខជន ត្រូវគោរពបទបញ្ជា នីតិវិធីក្រមសីលធម៌។ គណបក្សនយោបាយ និងអ្នកគាំទ្រត្រូវគោរពតាមវិធានបទប្បញ្ញត្តិ ក្រមសីលធម៌សម្រាប់ភាគីពាក់ព័ន្ធ និងគោរពតាមគោលការណ៍គោរពសិទ្ធិមនុស្ស។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន ២០ ដែលគ.ជ.ប. បានទទួលស្គាល់ជាផ្លូវការ។ ក្នុងចំណោមគណបក្សទាំង ២០ នោះ គឺមានគណបក្សចំនួន ៩ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅទូទាំង ២៥ រាជធានីខេត្ត រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សឆន្ទៈខ្មែរ។ ចំណែកគណបក្ស ដែលដាក់បេក្ខជនឈរឈ្មោះ តិចជាងគេ គឺគណបក្សខ្មែរក្រោក និងគណបក្សមាតុភូមិយើង ដែលឈរឈ្មោះនៅតែ ប្រាំមួយមណ្ឌលប៉ុណ្ណោះ៕
0 comments