Credited: រស្មីកម្ពុជា :
ពួកអ្នកជួយសង្រ្គោះកំពុងពិចារណានាំក្មេងប្រុស១២នាក់និងគ្រូជំនួយបាល់ទាត់របស់គេម្នាក់ដែលជាប់ក្នុងល្អាងភ្នំភាគខាងជើងប្រទេសអស់១១ថ្ងៃមកហើយនោះទៅកាន់ទីសុវត្ថិភាពខ្លាំងឡើងមួយ។
វ៉ាង យីងជេ សមាជិកក្រុមសង្រ្គោះចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីថ្ងៃអង្គារទី៣កក្កដាថា ក្រុមជួយសង្រ្គោះអន្តរជាតិបានព្រាងផែនការមួយដើម្បីនាំក្មេងទាំងនេះមុជទឹកចេញពីកន្លែងដែលពួកគេនៅសព្វថ្ងៃទៅកាន់កន្លែងមួយនៅក្នុងល្អាងដដែលតែមានសុវត្ថិភាពជាង ដោយសារការព្យាករណ៍អាកាសធាតុបង្ហាញថាភ្លៀងនឹងធ្លាក់ជាបន្តបន្ទាប់នៅតំបន់ព្រៃភ្នំជាប់ព្រំដែននេះ។
វ៉ាង ដែលបានចូលរួមក្នុងការបង្កើតផែនការជួយសង្រ្គោះ បាននិយាយថា ពួកអ្នកជំនាញមុជទឹកបានបញ្ជូនចូលអាហារនិងអំបិលរ៉ែទៅអោយក្មេងៗនិងគ្រូរបស់គេដែលនៅមិនទាន់ចេញពីល្អាងភ្នំរួច។
យោងតាមផែនការសង្រ្គោះ ពួកអ្នកមុជទឹកនឹងជួយក្មេងៗទាំងនេះអោយទៅដល់កន្លែងមានសុវត្ថិភាពឡើងមួយដែលគេបង្កើតជាមណ្ឌលសង្រ្គោះនៅក្នុងល្អាងនេះ។
ដោយសារតែស្ថានការណ៍ស្មុគស្មាញក្នុងល្អាងលិចទឹក ក្មេងម្នាក់ៗនឹងត្រូវនាំចេញដោយមានជំនួយពីអ្នកមុជទឹក និងក្នុងការនាំចេញម្តងៗត្រូវចំណាយពេល២ម៉ោង។ខ្សែពួរត្រូវចងជាប់តាមជញ្ជាំងល្អាងតាមផ្លូវទៅកាន់មណ្ឌលសង្រ្គោះថ្មីនិងធុងខ្យល់អុកស៊ីសែនក៏ត្រូវដាក់បំរុងជាប់តាមផ្លូវផងដែរ។
សូមបញ្ជាក់ថា អាយុ១១ទី១៦ឆ្នាំ ក្មេងៗទាំងនេះបានបាត់ខ្លួនជាមួយគ្រូអាយុ២៥ឆ្នាំរបស់គេម្នាក់ក្រោយការហាត់បាល់មួយកាលពីថ្ងៃ២៣មិថុនាបន្ទាប់ពីពួកគេនាំគ្នាចូលស្រាវជ្រាវលេងក្នុងល្អាងនៃឧទ្យានព្រៃភ្នំនៅជាប់ព្រំដែនមីយ៉ាន់ម៉ានេះ។
ពួកអ្នកមុជទឹកបានតស៊ូឆ្លងកាត់ទឹកភក់និងច្រកតូចចង្អៀតហើយបានរកឃើញក្មេងទាំង១២នាក់និងគ្រូរបស់គេកាលពីថ្ងៃយប់ថ្ងៃចន្ទនៅលើទីទួលមួយចម្ងាយ៤គីឡូម៉ែត្រពីមាត់ល្អាង៕
0 comments