នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលជាអ្នកសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ រៀបចំពិធីផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន អំពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ មានក្រុមអ្នកសង្កេតការណ៍ជាតិចំនួន ១ ០៣៦នាក់មកពី៩៣ អង្គការ សមាគមនៅទូទាំងរាជធានី ខេត្ត និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់តំាងឱ្យអង្គការស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥នៅលើពិភពលោកនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្រៅពីការចុះសង្កេតការណ៍ដោយផ្ទាល់តាមការិយាល័យបោះឆ្នោតនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុមអ្នកាង្កេតការណ៍អន្តរជាតិក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នកំពូលមួយចំនួនព្រមទាំងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធផ្សេងៗ។
បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានាផងដែរ៕


0 comments