Thursday, June 28, 2018

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដាក់បទបញ្ជាជាថ្មី ដល់គ្រប់បណ្តាអង្គភាពទាំងអស់ មិនត្រូវកាត់ប្រាក់បៀវត្សរបស់កូនចៅជាដាច់ខាត សូម្បីតែ១រៀល

បាត់ដំបង៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់បទបញ្ជាទៅគ្រប់បណ្តាមេអង្គភាពនានាទាំងអស់ មិនត្រូវកាត់ប្រាក់បៀរវត្សរបស់នាយទាហាន ពលទាហានរបស់ខ្លួននោះជាដាច់ខាត ទោះក្នុងន័យណាក៏ដោយ សូម្បីតែប្រាក់មួយរៀលក៏មិនបានដែរ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ខួបលើក៣០ឆ្នាំ នៃការបង្កើតយោធភូមិភាគទី៥ (២៨ មិថុនា ឆ្នាំ២០១៨ ២៨មិថុនា ឆ្នាំ១៩៨៨) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ។ ប្រមុខក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «មានអង្គភាពខ្លះ កន្លែងខ្លះ មានកិច្ចការផ្ទាល់ខ្លួនមេបញ្ជាការអង្គភាពខ្លះ ទៅកាត់ប្រាក់បៀរវត្ស ប្រាក់របបរបស់បងប្អូនទៅវិញ ក្នុងកិច្ចអ្វីក៏ដោយទោះបីត្រូវធ្វើអ្វី ក៏ដោយមិនត្រូវកាត់ប្រាក់បៀរវត្សរបស់ទាហាននោះទេ សូមចាំឱ្យច្បាស់រឿងនេះ មានច្រើនលើកច្រើនសារហើយ នៅតែមានបញ្ហាហ្នឹងកើតឡើងទៀត»។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមថា «ត្រង់នេះសូមបញ្ជាក់ឱ្យហើយ សូម្បីតែមួយរៀល ដែលយកទៅបម្រើដល់អង្គភាព គឺហាមដាច់ខាត ទោះធ្វើអ្វីក៏ដោយ គឺមិនត្រូវកាត់ប្រាក់បៀរវត្សឡើយ ខ្ញុំនិយាយម្តងទៀត»។ កន្លងទៅ មានសេចក្តីរាយការណ៍ថា ថ្នាក់ដឹកនាំអង្គភាពខ្លះ នៅក្នុងជួរកងទ័ព បានប្រើអំណាចកាត់ប្រាក់បៀវត្សកូនទាហានតូចតាច ដោយយកលេសថា ប្រាក់ទាំងនោះយកទៅប្រើប្រាស់ក្នុងតម្រូវការផ្សេងៗរបស់អង្គភាព។ ការកាត់ប្រាក់បៀវត្សបែបនេះ បានធ្វើឱ្យកូនទាហានខ្លះដែលមានតែប្រាក់បៀវត្សតិចតួច មានការបាក់ទឹកចិត្ត និងជួបបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងការដាក់បទបញ្ជាជាថ្មីនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានជំរុញឱ្យគ្រប់បណ្តាអង្គភាពលើកទឹកចិត្តដល់កូនទាហាន តាមរយៈការពង្រឹងកិច្ចការងារកសាងធនធានមនុស្ស អប់រំចិត្តសាស្ត្រ ជំនាញវិជ្ជាជីវៈកងទ័ព និងបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្លាយជាកងទ័ពប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈខ្ពស់ ក្នុងកិច្ចការការពារជាតិមាតុភូមិ និងរាជរដ្ឋាភិបាលស្របច្បាប់។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្ថែមទៀតថា កងកម្ពុជា នៅក្នុងបណ្តាអង្គភាពត្រូវតែមានសីលធម៌ល្អ ដើម្បីសហការជាមួយបណ្តា ប្រទេសជាតិខាងគ្នា ចូលរួមរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពរវាងពលរដ្ឋ នៅតាមបណ្តោយព្រំដែន និងបង្កើនទំនាក់ទំនងឱ្យបានល្អបន្ថែមទៀត រវាងកងទ័ពនៅតាមបណ្តាកងពលនានា ចូលរួមសហការជាដោះស្រាយបញ្ហាណាដែលបានកើតឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះគ្រប់បណ្តាលអង្គភាពត្រូវជ្រើសរើសនាយទាហានបន្តវេន នឹងអ្នកមានសមត្ថភាពដើម្បីដឹកនាំអង្គភាព និងគ្រប់គ្រងប្រមូលកិច្ចខិតខំប្រឹងប្រែងលើមូលដ្ឋានកំណែទម្រង់កងទ័ពផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...