Credited: រស្មីកម្ពុជា
ភ្នំពេញ: រថយន្តបែនដឹកដីធុនធំមួយគ្រឿង ជាប់ហ្វ្រាំងផ្ទុះឆេះកង់យ៉ាងសន្ធោសន្ធៅ បង្កជាអណ្តាតភ្លើង និងផ្សែងយ៉ាងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវបានកម្លាំងចម្រុះរបស់ខណ្ឌដង្កោ បានចេញអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗតែម្តង។ ម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ២១៧ មុខនឹងសាលាមីគីវ៉េ បត់ចូលមកផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមអ្នកបើកបរបានប្រាប់ ឲ្យដឹងថា គាត់បានបើករថយន្តបែនដឹកដី ពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-5952 មួយគ្រឿងនេះ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងបំណងដឹកដីមកពីខេត្តកណ្តាល យកមកចាក់នៅរណ្តៅដីបឹងតាម៉ាត លុះដល់ចំណុចកើតហេតុ បម្រុងនឹងបត់ស្តាំដៃទៅហើយ ស្រាប់តែរថយន្តជាប់ហ្វ្រាំង ហើយផ្ទុះកង់ លុះអើតមើលពីលើរថយន្តស្រាប់តែឃើញផ្សែងហ៊ុយយ៉ាងសន្ធោសន្ធៅតែម្តង ទើបប្រញាប់លោតចុះពីលើរថយន្ត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។
ភ្លាមៗនោះដែរ គេឃើញកងកម្លាំងចម្រុះរបស់ខណ្ឌដង្កោ ជាច្រើននាក់ បានចុះមកអន្តរាគមន៍ និងបានហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោ ចំនួន២គ្រឿងបានចុះមកអន្តរាគមន៍ ដោយបានបាញ់ពន្លត់អស់ទឹក១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរហើយនោះ ដោយសារតែករណីនេះបង្កឡើងដោយខ្លួនឯង មិនបណ្តាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងប្រជាពលរដ្ឋនោះ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តស្ទូច យកទៅជួសជុលដោយខ្លួនឯង៕



0 comments