Credited: រស្មីកម្ពុជា
បាត់ដំបងៈ ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សីឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយ និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងផងដែរ បន្ទាប់ពីធ្លាយរឿងដែលពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ទៅលើប្អូនស្រីបង្កើតរបស់ខ្លួនអាយុ៨ឆ្នាំ បានសម្រេចជាច្រើនលើកច្រើនសា។
លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី៥ឧសភានេះថា ក្រោយពីស្ត្រីជាម្តាយបានមកដាក់ពាក្យប្តឹងទៅលើកូនប្រុសបង្កើតរបស់គាត់ និងដោយមានការឆ្លងយោបល់ពីលោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរួចមក កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ វ ន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ពីបទរំលោភសេពសន្ថវៈទៅលើប្អូនស្រីបង្កើតរបស់គេ ដែលមានឈ្មោះ ហ ស ខ អាយុ៨ឆ្នាំ ជាច្រើនលើកច្រើនសារាប់ដងភ្លេច។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ចាប់ពីអំឡុងខែកុម្ភៈរហូតដល់ខែឧសភាឆ្នាំ២០១៨នេះ កូនប្រុសបង្កើតរបស់គាត់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈប្អូនស្រីបង្កើតរបស់ខ្លួនឯង ជាច្រើនលើកច្រើនសា ដោយបានសម្រេចរាល់លើកផងដែរ ដែលរឿងនេះទើបតែបែកការណ៍ប៉ុណ្ណោះ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់មើលរឿងក្តៅសាច់(រឿងអាសអាភាស)តាមរយៈទូរស័ព្ទដៃមិត្តភក្តិច្រើនពេក ដែលធ្វើឲ្យខ្លួនមានអារម្មណ៍ចង់សាក ចង់ដឹង ក៏ប្រព្រឹត្តរឿងផ្តេសផ្តាស់បែបនេះ ដោយធ្វើសកម្មភាពចាប់ប្អូនស្រីខ្លួនឯងរំលោភបានសម្រេចជាច្រើនលើក។
លោកអធិការស្រុកបានបញ្ជាក់ថា ជុំវិញបញ្ហានេះ គឺជាសិទ្ធិរបស់តុលាការក្នុងការសម្រេច និងវិនិច្ឆ័យ ព្រោះទាំងក្មេងប្រុស ស្រីទាំងពីរនាក់ពួកគេសុទ្ធតែស្ថិតក្នុងវ័យអនីតិជនទាំងអស់៕
0 comments