Credited: រស្មីកម្ពុជា
/ឧត្តរមានជ័យៈ អំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងចេញពីភ្លើងប្រច័ណ្ឌ ដោយប្តីបានកាប់ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៩:៣០ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ជាប្តី ឈ្មោះ ប៊ូ ប៊ី អាយុ ៤៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានកើតចេញពីក្តីប្រច័ណ្ឌ បានយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ សែត ចាន់ណា អាយុ៣៦ ឆ្នាំ បណ្តាលឲ្យត្រូវដៃខាងឆ្វេង រយាស់ដាច់ត្រឹមកែងដៃ ត្រូវក្បាល ៣ កន្លែង និងត្រូវស្មាខាងស្តាំ រួម ក ដៃខាងស្តាំ បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីពេទ្យខេត្តសៀមរាប ភ្លាមៗផងដែរ។
សមត្ថកិច្ច បានបន្តថា ទន្ទឹមនឹងភ្លើងប្រច័ណ្ឌនេះ ប្តីប្រពន្ធ បានទាស់ពាក្យសម្តីគ្នា រហូតដល់ព្រមព្រៀង លែងលះគ្នា។ ប្តីទាមទារយកម៉ូតូ តែប្រពន្ធមិនព្រមប្រគល់ឱ្យ ធ្វើឱ្យប្តី កាន់តែមានកំហឹង បានទាញកាំបិត កាប់ទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់។
សមត្ថកិច្ច បានបន្តទៀតថា នៅពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ជនសង្ស័យ មិនព្រមប្រគល់ខ្លួន ឱ្យចាប់ខ្លួនទេ ហើយថែមទាំង បានទាញកាំបិតខ្វែវ កាន់ចូលទៅក្នុងផ្ទះ ហើយបានបិទទ្វារផ្ទះជាប់ និងពួននៅខាងក្នុង រកវិធីផ្សេៗ តបតនឹងកម្លាំងសមត្ថកិច្ច ក្នុងនោះ ជនសង្ស័យ បានគំរាមដុតផ្ទះចោលផងដែរ ។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយកម្លាំងសមត្ថកិច្ច ដឹងគោលបំណងមុន សមត្ថកិច្ច បានយករថយន្តពន្លត់អគ្គិភ័យ ១ គ្រឿង ដើម្បីការពារ ក្នុងករណីណាមួយកើតឡើង។ ស្របពេលនោះ ជនសង្ស័យ ក៍បានចាក់សាំង ដុតផ្ទះមែន។ ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានបាញ់ទឹកពន្លត់ និងសម្រុកចូលចាប់ខ្លួន ជនសង្ស័យបាន និងនាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


0 comments