Wednesday, April 25, 2018

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខUNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi)

នៅរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះ លោក អាកាស៊ី ព្រមទាំងជម្រាបជូនអំពីបច្ចុប្បន្នភាពនៅកម្ពុជាជាពិសេសទាក់ទងនឹងស្ថេរភាព និងការអភិវឌ្ឍន៍។ ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវក្តីរំភើបរីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុននេះ ក្រោយពីបញ្ចប់បេសកកម្មUNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈការជួបផ្ទាល់នេះ លោកក៏បានផ្តាំផ្ញើរក្តីនឹករលឹកជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។ ជាមួយគ្នានេះ លោក យ៉ាស៊ូស៊ី អាកាស៊ី បានរំលឹកឡើងវិញ នូវការងារមួយចំនួនដែលកើតមានក្នុងដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៣ និងការលះបង់ធំៗរបស់ប្រជាជនកម្ពុជា ក៏ដូចជារបស់កងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពដ៏លំបាកជូនកម្ពុជានាពេលនោះ។ លោក យ៉ាស៊ូស៊ី អាកាស៊ី ក៏បានបង្ហាញនូវមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេល២៥ឆ្នាំ ក្រោយការបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ (ដែលរៀបចំដោយ UNTAC) និងការដោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជានាឆ្នាំ ១៩៩៨។ ក្នុងជំនួបនោះ ក៏បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងស្ថានការណ៏នយោបាយពិតនៅកម្ពុជា និងជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានិងពង្រឹងនូវកិច្ចការសំខាន់បី ដែលជាគោលបំណងធំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះគឺការថែរក្សាសន្តិភាព ការពង្រឹងលិទ្ធិប្រជាធិបតេយ្យផ្អែកលើនិតិរដ្ឋ និងការការពារអធិបតេយ្យភាព និងឯករាជ្យជាតិរបស់កម្ពុជា ដែលបំពេញបាននូវតម្រូវការរបស់ប្រជាពរដ្ឋកម្ពុជាប្រាថ្នាចង់បាន គឺសន្តិភាព និងស្ថិរភាព ហើយលោកក៏បានបញ្ជាក់ផងដែរថា បញ្ហារបស់កម្ពុជាគួរទុកអោយកម្ពុជាជាអ្នកដោះស្រាយ ។ មុនបញ្ចប់ការសំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅកម្រងអនុស្សាវរីយ៏ស្តីពីការបំពេញបេសកម្មស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងមកជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...