Credit: រស្មីកម្ពុជា
ខ្ទឹមសត្រូវបានប្រើដើម្បីព្យាបាលជំងឺរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែអ្នកស្រាវជ្រាវបានសរុបសេចក្តីថា ការទទួលទានខ្ទឹមស ពិតជាមានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ ការសិក្សាមួយបានរកឃើញថាការទទួលទានគ្រឿងទេសមួយនេះអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។ យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យណត់ធីងហ៊ែម របស់អង់គ្លេស បានឱ្យដឹងថា របៀបដែលខ្ទឹមសផ្តល់អត្ថប្រយោជន៍សុខភាពកម្រិតណានោះ គឺអាស្រ័យលើវិធីរៀបចំទទួលទានវា។ អ្នកដឹកនាំការសិក្សានេះ គឺវេជ្ជបណ្ឌិត ភីតធឺ រ៉ូស បានបកស្រាយថា អត្ថប្រយោជន៍សុខភាពពីខ្ទឹម គឺបានដោយសារតែបរិមាណនៃសមាសធាតុជាច្រើននៅក្នុងខ្ទឹមស ដែលភាគច្រើនគឺ សារធាតុ ស៊ុលផួរិក។ កម្រិតផ្សេងៗគ្នានៃសមាសធាតុជាច្រើនត្រូវបានបញ្ចេញ តាមរយៈការចិញ្ច្រាំខ្ទឹម លាយជាមួយប្រេងបន្លែ ឬ ត្រាំវាក្នុងស្រា ដែលគេស្គាល់ថា “ការព្យាបាលដោយខ្ទឹមតាមបែបទីបេតិ៍បុរាណ”។ ក្រុមអ្នកស្រាវជ្រាវនិយាយថា នេះអាចពន្យល់ពីលទ្ធផលផ្សេងគ្នានៃប្រសិទ្ធភាពខាងសុខភាពរបស់ខ្ទឹមស។ ប៉ុន្តែវេជ្ជបណ្ឌិតរ៉ូសនិងមិត្តរួមការងាររបស់គាត់បានសារភាពថា វានៅតែជាអាថ៌កំបាំងថាតើវិធីសាស្ត្រនៃការញ៉ាំខ្ទឹមសមួយណា មានអត្ថប្រយោជន៍សុខភាពជាង៕

0 comments