Credit: រស្មីកម្ពុជា
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងអះអាងពីគុណសម្បត្តិរបស់គាត់ដែលនាំឱ្យមានកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ ប៉ុន្តែឥឡូវនេះប្រឈមនឹងបន្ទុកដ៏លំបាកក្នុងការជួយបង្វែរទស្សនវិស័យដ៏ក្លៀវក្លាតែមិនច្បាស់លាស់អំពីសន្តិភាពឱ្យក្លាយទៅជាការពិត បន្ទាប់ពីមានអរិភាពនឹងគ្នាជាង ៦ ទសវត្សរ៍។ លោកត្រាំត្រូវប្រឈមមុខនឹងការសង្ស័យចំនួន២ គឺ ទី១អំពីភាពស័ក្តិសមរបស់គាត់ដើម្បីរៀបចំកិច្ចចរចាប្រភេទសង្គ្រាមនិងសន្តិភាពបែបនេះ និងទទួលបានជោគជ័យនៅកន្លែងដែលអ្នកកាន់តំណែងមុនៗរបស់គាត់បរាជ័យ។ ទី២ មិនថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនពិតជាមានឆន្ទៈបោះបង់ចោលអាវុធនុយក្លេអ៊ែរឬយ៉ាងណានោះទេ គឺប្រទេសរបស់គាត់បានចំណាយពេលរាប់ទសវត្សរ៍មកហើយដើម្បីផលិតវា។ លោក វីកទ័រ ចា ដែលរហូតមកទល់ខែមករាបានឈរឈ្មោះប្រជែងដើម្បីក្លាយជាជម្រើសអគ្គរដ្ឋទូតរបស់ត្រាំប្រចាំនៅកូរ៉េខាងត្បូង បាននិយាយថា “គេនៅតែមិនច្បាស់ថាតើកូរ៉េខាងជើងនៅតែជឿជាក់ថាខ្លួនអាចទទួលបាននំហើយបរិភោគវាបានដែរឬអត់ទេ”។ លោកចាបាននិយាយថា ខណៈដែលបរិយាកាសនៃកិច្ចប្រជុំអន្តរកូរ៉េបានទទួលនិទ្ទេស “A” កិច្ចប្រជុំនេះមិនបានបញ្ជាក់ថាតើលោកគីមមានឆន្ទៈបោះបង់ចោលនុយក្លេអ៊ែររបស់គាត់ឬមានចំណាប់អារម្មណ៍ក្នុងការផ្អាកកម្មវិធីរបស់គាត់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មនិងការផ្តល់ជំនួយសេដ្ឋកិច្ចនិងជំនួយថាមពលឬយ៉ាងណាទេ។ នៅឯសន្និសីទព័ត៌មាននៅសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជែលឡា មឺគែល កាលពីថ្ងៃសុក្រ ទី២៧ មេសា លោកត្រាំបានសាទរជំនួបសន្ទនាដ៏ល្អរវាងលោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន និងនិយាយថា លោកមានការទទួលខុសត្រូវក្នុងការសម្រេចឱ្យបាននូវសន្តិភាពនិងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ លោកត្រាំនិយាយថា “ហើយប្រសិនបើខ្ញុំមិនអាចធ្វើវាបានទេ នោះវានឹងក្លាយជាពេលដ៏លំបាកមួយសម្រាប់ប្រទេសជាច្រើននិងមនុស្សជាច្រើន។ ពិតណាស់ វាជាអ្វីដែលខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើបានសម្រាប់ពិភពលោក”។ ខណៈដែលលោកមូននិងលោកគីមបានសន្យាស្វះស្វែងបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េនៅដំណាច់ឆ្នាំនេះនិងដើម្បីបំបាត់អាវុធនុយក្លេអ៊ែររបស់ពួកគេពីឧបទ្វីបកូរ៉េ ពួកគេមិនបានបញ្ជាក់ពីរបៀបដើម្បីសម្រេចឱ្យបានការសន្យាទាំងនោះទេ។ ហើយឥឡូវនេះសម្ពាធដើម្បីផ្តល់នូវលទ្ធផល គឺត្រូវធ្លាក់មកលើលោកត្រាំ៕

0 comments