Saturday, April 21, 2018

លោក ហេង សំរិន បើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សប្រជាជន ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សខេត្តត្បូងឃ្មុំ នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ហេង សំរិន បានលើកផែនការពិភាក្សា ជូនសមាជិកសមាជិកា ដើម្បីអនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមផែនការ ក្នុងនោះមាន៖ ការងារជាយុទ្ធសាស្ត្ររបស់គណបក្ស, ការប្តេជ្ញាចិត្តនិងការងារជាយុទ្ធសាស្ត្រ ដែលត្រូវយកចិត្តទុកដាក់, ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត, ការងារមហាជន, ការងារឃោសនា, ការពង្រឹងកម្លាំងរបស់គណបក្សសម្រាប់ការបោះឆ្នោត, ពេលយុទ្ធនាការឃោសនាបោះឆ្នោត, ថ្ងៃបោះឆ្នោត និងក្រោយពេលបោះឆ្នោត ។ ជាមួយគ្នានោះ លោក បានដាក់ចេញ នូវគោលគំនិតជាវិជ្ជមាន មាន៣ចំនុច ដែលបានកំណត់ក្នុងផែនការ សំដៅបង្កើនប្រសិទ្ធភាពការងារមួយចំនួន រួមមាន៖ ១. គណបក្សគ្រប់ថ្នាក់ត្រូវរៀបចំបង្កើតឲ្យមានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតនៅថ្នាក់ខ្លួន។ វិធានការនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការទទួលខុសត្រូវដឹកនាំអនុវត្តការងារសំខាន់ៗដូចជា ការងារទាក់ទងនឹងផ្នែកច្បាប់ ប្រសិទ្ធភាពនៃការឃោសនា , ឥទ្ធិពលនៃចលនាមហាជន ប្រជាជន ក៏ដូចជាលទ្ធភាពនៃការដោះស្រាយថវិការ បំពេញតម្រូវការផ្សេងៗ ។ ២.ចំពោះថ្នាក់ដឹកនាំគណបក្សថ្នាក់នីមួយៗ គប្បីទទួលជាអនុប្រធានប្រចាំការគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ខ្លួន ។ សំខាន់នោះគឺការដឹងមុនអំពីឧបាយកលប៉ុនប៉ងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតក៏ដូចជា ខ្លឹមសារបរិហារិះគន់របស់បក្សប្រឆាំង ឬ ជនអគតិមកលើគណបក្សប្រជាជន ។ ៣. ស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិតជាធានាបានល្អប្រសើរ យុទ្ធសាស្រ្តគណបក្សដែលបានបញ្ជាក់ថា "សមាជិកគណបក្ស ១ រូប គឺជាសន្លឹកឆ្នោត ១ សន្លឹក " ។ លោកក៏បានបញ្ជាក់ផងដែរថា ជាមួយនឹងទិសដៅភារកិច្ច ត្រូវអនុវត្តន៍តាមផែនការនាពេលខាងមុខនេះ គឺពិតជាមានសារៈសំខាន់ណាស់ នោះគឺការប្តេជ្ញាចិត្ត យុទ្ធសាស្រ្តរបស់គណបក្សយើង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីទទួលបានជោគជ័យ ។ ជាចុងក្រោយ លោក ហេង សំរិន បានផ្តាំផ្ញើរដល់ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវបំពេញភារកិច្ចប្រកបដោយមនះសិការ និងការទទួលខុសត្រូវខ្ពស់ សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវជោគជ័យ សម្រាប់គណបក្សនាពេលបោះឆ្នោតខាងមុខ តាមការប្តេជ្ញាជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...