នៅទីបំផុតការបង្កើតចលនាសង្រ្គោះជាតិនៅក្រៅប្រទេស របស់ក្រុមអ្នកប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះហៅមនុស្សចំនួន៦នាក់ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្រ្គោះជាតិខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃកម្ពុជា។
ដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការកោះហៅនេះ គឺពាក់ព័ន្ធពីដំណើររឿង ការបង្កើតចលនាសង្រ្គោះជាតិញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃកម្ពុជា។
នៅថ្ងៃ៤ ខែមេសា ឆ្នាំ២០១៨នេះ ដីកាកោះហៅជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបានយកទៅបិទនៅតាមរបងផ្ទះរៀងៗខ្លួន។
ជនសង្ស័យចំនួន៦នាក់ ដែលត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញកោះហៅរួមមាន៖
ទី១- លោក សម រង្ស៊ី កោះហៅចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី២- លោក អេង ឆៃអ៊ាង កោះហៅចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៣- លោកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៤- លោក ហូរ វ៉ាន់ កោះហៅចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៥- លោក នុត រំដួល កោះហៅចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក
ទី៦- លោក តុ វ៉ាន់ចាន់ កោះហៅចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក។
សូមបញ្ជាក់ថា លោក សម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាច្រើនទៀតជាមួយតុលាការ ដោយក្នុងនោះមានសំណុំដ៏ធំមួយគឺក្បត់ជាតិ សន្យាសំងាត់កាត់ទឹកដីចំនួន៤ខេត្ត ឲ្យវៀតណាម ដែលតំណាងអយ្យការបានចេញដីកាកោះហៅឱ្យចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ពាក់ព័ន្ធនឹងការលួចចុះកិច្ចព្រមព្រៀងសំងាត់ជាមួយឈ្មោះ កុក សរ មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដោយសន្យាកាត់ទឹកដី ៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង ៕








0 comments