Wednesday, April 25, 2018

សាកលវិទ្យាល័យក្រចេះ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលត្រូវសិក្សារៀនសូត្រ

ក្រចេះ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» ដែលស្ថិតនៅក្នុងទីរួមខេត្ត ក្រចេះ។សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី លោកនាយករដ្ឋមន្ត្រី រួមជាមួយមូលនិធិឧត្តមសិក្សាក្រចេះ និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាង លោកនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក្នុងនោះគឺ មូលនិធិលោកនាយករដ្ឋមន្រ្ដីជាង ២លានដុល្លារ និងថវិកាមិត្តចិនប្រមាណ១០លានដុល្លារ ដែលសរុបការចំណាយទាំងអស់គឺ ១២លានដុល្លារ។ សមិទ្ធផលនៅ សាកលវិទ្យាល័យដែលកសាងបាននៅពេលនេះមានជារួម អគារបណ្ណាល័យ ១ខ្នង អគារវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា ១ខ្នង អគារសាកលវិទ្យាធិការដ្ឋាន ១ខ្នង អគារវិទ្យាស្ថានមច្ឆវិទ្យា១ខ្នង អគារអភិសាល១ខ្នង អគារសិក្សា២ខ្នង អគារពិសោធន៍២ខ្នង អគាររោងជាង១ខ្នង អគារអាហារដ្ឋាន១ខ្នង អគារផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយអគ្គិសនី ១ខ្នង។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នេះជាគោលនយោបាយនៃចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំដែលបានកំណត់ថា ខេត្ត១ត្រូវមានសាកលវិទ្យាល៏យ១ ឃុំ១ យ៉ាងហោចណាស់មាន អនុវិទ្យាល័យ១ និងក្នុងស្រុក១ អាចមានវិទ្យាល័យច្រើន។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានចាប់ផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះ តិចបង្រៀនអ្នកមិនចេះសោះ រហូតមកដល់ពេលនេះយើងបានពង្រាយគ្រូបង្រៀនស្ទើរគ្រប់ទីកន្លែង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សអោយរីកលូតលាស់ទៅមុខ។ សាកលវិទ្យាល័យនេះមិនត្រឹមតែអ្នកនៅខេត្តក្រចេះទេអាចរៀនបាន សូម្បីអ្នកនៅកំពង់ចាម និងខេត្តដ៏ទៃទៀតក៏អាចមករៀននៅទីនេះបានដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការ កសាងសាលារៀន និងអគារស្នាក់នៅរបស់គ្រូ និងសិស្សបន្តែមទៀតតាមតំបន់ និងបណ្តាខេត្តនានា ក្នុងការបំពេញតម្រូវការនៃការខ្វះខាតក្នុងការអភិវឌ្ឍវិស័យអប់រំ អោយមានការរីចម្រើនតទៅមុខទៀត។ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី បានប្រកាសថានៅថ្ងៃខាងមុខកម្ពុជានឹងសាងសង់ស្ពានឆ្លងកាន់ ទន្លេមេគង្គនៅលើទឹកដីខេត្តក្រចេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយសម្រួលដល់ការងារ និងជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែប្រសើរឡើង។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនចិនដែល បានចូលរួមចំណែកយ៉ាងសំខាន់ឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណងក្នុងការរួមចំណែកកសាងនូវសាកលវិទ្យល័យក្រចេះនេះ និងអរគុណមិត្តចិនដែលកន្លងមកតែងតែជួយដល់កម្ពុជាទៅវិស័យផ្សេងៗ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណ និងជូនពរចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងពិធីសម្ពោធសាកលវិទ្យាល័យក្រចេះនេះ សូមជួប តែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដី ក៏បាននាំមកនូវអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូព្រមទាំងសៀវភៅអប់រំម្នាក់ៗ២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ផងដែរ និងបានកាត់ខ្សែបូរប្រកាសដាក់អោយប្រើប្រាស់ ជាផ្លូវការនូវ “ សាកលវិទ្យាល័យក្រចេះ “ ចាប់ពីពេលនេះតទៅ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...