Credit: រស្មីកម្ពុជា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងខេត្តប៉ៃលិន ត្រូវបានផ្លាស់ប្តូរផ្ទេរភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ។ការប្រកាសផ្ទេរតំណែងអភិបាលខេត្តទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមេសា ខាងមុខ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។លោកអភិបាលខេត្តទាំងពីររូបនេះសុទ្ធសឹងតែដល់អាយុចូលនិវត្ត។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមេសា សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តក្រចេះ។ ចំណែកនៅថ្ងៃទី២៧ ខែមេសា សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក សរ ចំរុង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ (ដល់អាយុចូលនិវត្តន៍)។ ចំណែកលោក វ៉ា ថន អភិបាលរងខេត្តក្រចេះ ត្រូវឡើងជំនួសលោក សរ ចំរុង។ រីឯលោកកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ត្រូវផ្លាស់ប្តូរដោយដាក់លោកផាន់ ចាន់ថុល អភិបាលរងខេត្តក្រចេះ ឡើងជំនួស។ លោកសរ ចំរុង អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីព្រលប់ថ្ងៃទី២៣ ខែមេសា ថា ការផ្លាស់ប្តូរនេះ គឺដោយសារលោកដល់អាយុចូលវត្តន៍ ហើយអ្នកដែលឡើងជំនួស គឺលោកវ៉ា ថន អភិបាលរងខេត្តក្រចេះ។ ចំណែកលោកកើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងប្រាប់រស្មីកម្ពុជាឲ្យដឹងដែរថា ការផ្លាស់ប្តូររូបលោកពីអភិបាលខេត្តប៉ៃលិន គឺដោយត្រូវដល់អាយុចូលនិវត្តន៍។ ហើយអ្នកដែលឡើងជំនួស គឺអាចលោកផាន់ ចាន់ថុល អភិបាលរងខេត្តប៉ៃលិន៕
0 comments