Credit: រស្មីកម្ពុជា
ភ្នំពេញៈស្ពានអាកាសផ្សារដីហុយដែលស្របនឹងមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមេសា ឆ្នាំ២០១៨បានបើកឲ្យប្រើប្រាស់ជា បណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងតំណាង ក្រសួងសេដ្ឋកិច្ច អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប តំណាងក្រុមហ៊ុនក្វាងចូវ និងប្រជាពលរដ្ឋ។
ស្ពានអាកាសនេះមានបណ្ដោយប្រវែង ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ មាន០៤គន្លង (២គន្លងទៅ ២គន្លងមក)ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រនិងកម្ពស់៥,៥ម៉ែត្រសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាសំណង់ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ប្រមាណ១៦,៧៨លានដុល្លារ។
ក្រសួងសាធារណការបញ្ជាក់ថាស្ពាននេះស្ថិតក្នុងគម្រោងក្រវាត់ក្រុងទី២ដែលមានប្រវែង១៦,៥គីឡូម៉ែត្រដែលចំណាយថវិកាទាំងស្ពាននិងផ្លូវសរុបប្រមាណ៦១លានដុល្លារក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លងមកប្រជាពលរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ខាងមុខនេះ រាជរដ្ឋាភិបាលបានបើកឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវផ្សារដីហុយ។
នៅក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននេះឡានធំៗមិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់នៅឡើយទេ រង់ចាំការសាងសង់ត្រូវបានបញ្ចប់១០០ភាគរយ។
ថ្លែងក្នុងពេលនេះទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាស្ពានអាកាសខ្វាត់ខ្វែងក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលកើតចេញពីសុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុមហ៊ុនទាំងពីរដែលបានចូលរួមសហការ និងសាងសង់ស្ពានអាកាសនេះឱ្យសម្រេចបានជោគជ័យតាមមហិច្ឆតាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បើកបរដោយគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា និងមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសសូមកុំបើកបរក្នុងស្ថានភាពស្រវឹង ,ភាពងងុយ៕





0 comments