Credit: រស្មីកម្ពុជា
ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានខិតខំរិះរកវិធីគ្រប់បែបយ៉ាង និងតែងតែគិតគូរជានិច្ច ដើម្បីធ្វើយ៉ាងណាលើកកម្ពស់កម្រិតជីវភាពយោធិន និងគ្រួសារកងទ័ព ក៏ដូចជាមន្ត្រីរាជការទូទៅ ព្រមទាំងយោធិនសោធន និងមន្ត្រីរាជការចូលនិវត្តន៍ តាមរយៈការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកងកម្លាំងប្រដាប់អាវុធ។ ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបានដំឡើងម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៨ ដូច្នេះក្នុងមួយឆ្នាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សន៍២ដង។
ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងននៅក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ និង គ្រួសារយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលះបង់របស់យោធិននៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិ ទាំងអស់ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់ នៅក្នុងដំណើរការកសាង និងថែរក្សាសន្តិភាព កិច្ចការពារ បូរណៈភាពទឹកដី ការពារនូវអធិបតេយ្យភាពរបស់ជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ និងបូជាកម្លាំងកាយចិត្តដើម្បីភាពសុខសាន្តរបស់មាតុភូមិ និងប្រជាជន។ “យើងរួមគ្នាថែរក្សានិងដឹងគុណចំពោះអតីតយុទ្ធជន ដើម្បីតបស្នងដល់ការលះបងដ៏ធំធេងរបស់ពួកគាត់ ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរលើជីវភាព ការតម្លើងប្រាក់សោធនិវត្សន៍ ផ្តល់ដី សាងសង់ផ្ទះ លើសពីនេះបានយកចិត្តទុកដាក់ចំពោះសុខភាពពួកគាត់ដោយផ្តល់ការព្យាលជំងឺមិនគិតថ្លៃនៅតាមមន្ទីពេទ្យរដ្ឋ និងឯកជនមួយចំនួនផងដែរ”។
លោកបានលើកឡើងថា “កងទ័ពមានកាតព្វកិច្ចការពារជាតិមាតុភូមិ ទ័ពសម័យអតីតកាលបានប្រយុទ្ធគ្នារវាងខ្មែរនិងខ្មែរ ទ័ពជំនាន់នេះ មានសន្តិភាព យើងច្បាំងជាមួយបរទេសដើម្បីការពារបូរណៈភាពទឹកដី យើងមិនចង់មានសង្គ្រាមជាមួយប្រទេសណាទេ តែយើងការពារមិនអោយប្រទេសណាមួយមករំលោភលើបូរណៈភាពទឹកដីរបស់យើងជាដាច់ខាត។ សមត្ថភាព និងស្មារតីអង់អាចក្លាហានរបស់កងទ័ពខ្មែរនៅជំនាន់នេះ គឺដិតដាមដោយគំរូវីរៈភាពរបស់កងទ័ពនៃជំនាន់ដូនតាយើង និងជំនាន់អ៊ំពូមីងជាវីរៈយោធិនគំរូ ដែលបានប្រយុទ្ធ និងកសាងសន្តិភាពដោយការលំបាកបំផុត។ កងទ័ពជំនាន់នេះ និងជំនាន់បន្តបន្ទាប់មានបេសកកម្មបន្តថែរក្សាការពារសន្តិភាពនេះជូនប្រជាជននៅគ្រប់ជំនាន់។ យើងមានតួនាទីភារកិច្ច និងកាតព្វកិច្ចដ៏សំខាន់បំផុត នោះគឺការពារសុខសន្តិភាព ដែលអ៊ំពូមីងខិតខំរកបានដោយការលំបាកបំផុតនេះ ការពារស្ថេរភាពសង្គម និងសន្តិសុខជាតិ ការពារបូរណៈភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិ”។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈសមាគមអតីតយុទ្ធជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ មិនគ្រាន់តែលើបញ្ហាយុទ្ធជនពិការ នៅក្នុងមជ្ឈមណ្ឌលនោះទេ តែបានប្រឹងប្រែងជួយដល់ អតីតយុទ្ធជន ក្នុងនោះមានទាំងយោធិនពិការ និងគ្រួសារយោធិនពិការផងដែរ តាមរយៈការផ្តល់ជូនសំណងមួយចំនួន ដួចជា ផ្ទះសម្បែង ដីស្រែ ដីចំការ ហើយថវិកាដើម្បីសាងសង់ផ្ទះផងដែរ។ យើងមានអាជីព មានការងារធ្វើ មានប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ តើបានមកពីអ្វី? មិនមែនបានមក ពីប្រទេសដែលមានសង្គ្រាមនោះទេ? ហើយក៏មិនមែនបានមក អំពីការនិយាយរបស់ក្រុមប្រឆាំងមួយក្រុមណានោះដែរ តែបានមកអំពីការខិតខំប្រឹងប្រែង ដឹកនាំដ៏ត្រឹមត្រូវ ដោយសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាង១០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលយោធិនពិការ៣១៧គូលែន សៀមរាប មានការរីកចម្រើនគួអោយកត់សម្គាល់ មណ្ឌលសុខភាព វិទ្យាល័យ ផ្លូវកៅស៊ូ ផ្លូវលំ ដីចំការនិង ផ្ទះត្រូវបានសាងសង់ និងប្រគល់ជូនដល់យោធិនពិការ និងគ្រួសារយោធិនពិការក្នុងការបង្ករបង្កើនផល៕





0 comments