លោក ហេង សំរិន ប្រធានរដ្ឋសភា បានអះអាងថា សង្គ្រាមជាច្រើនទស្សវត្សរ៍នៅកម្ពុជាបណ្តាលមកពីការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេសមួយចំនួន ហើយកម្ពុជាធ្លាប់បានទទួលរងនូវការឈឺចាប់ខ្លោចផ្សាដោយសារសង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍ដែលទំាងនេះជាលទ្ធផលនៃឥទ្ធិពលការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅ។ លោកបានថ្លែងដូចនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
លោក ហេង សំរិន បានបញ្ជាក់ថា កម្ពុជាទើបមានសុខសន្តិភាព ស្ថិរភាពពេញលេញជាងមួយទសវត្សរ៍ចុងក្រោយនេះ ដែលបានបង្កលក្ខណៈសម្បត្តិឱ្យកម្ពុជា មានឱកាស និងលទ្ធភាពក្នុងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ។
លោក ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី និងសហការី នាពេលកន្លងមក និងពេលបច្ចុប្បន្នដែលបានរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសិទ្ធិទទួលនូវកិច្ចការពារដោយច្បាប់ផ្សេងៗជាច្រើន។ លោកបានបន្ថែមថាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ គឺការគោរពច្បាប់នេះឯង
ប្រធានរដ្ឋសភា ក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះមុខអ្នករាយការណ៍សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិថា កម្ពុជាផ្តល់សារៈសំខាន់ជាចម្បងលើការរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមទំាងការអភិវឌ្ឍន៍។
លោកស្រី រ៉ូណាល់ ស្មីត បានគំាទ្រចំពោះការលើកឡើង របស់ប្រធានរដ្ឋសភាកម្ពុជា ហើយលោកស្រី បានឯកភាពថា សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ កន្លងមកនេះ កម្ពុជាទប់ស្កាត់បានទាន់ពេលវេលាចំពោះបដិវត្តន៍ពណ៌ដែលកើតឡើងដោយសារ អតីតមេបក្សប្រឆាំងនៅកម្ពុជា សហការជាមួយបរទេសក្នុងគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ប៉ុន្តែបន្ទាប់ពីទប់ស្កាត់ និងមានការចាប់អតីតមេបក្សប្រឆាំងដាក់ពន្ធនាគារ មានមិត្តភក្តិបរទេសមួយចំនួនបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដោយអន្តរាគមន៍ស្នើឱ្យដោះលែងជាបន្ទាន់ផងដែរ៕


0 comments