នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក បៃ ឈុនលី (Dr. Bai Chunli) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាននៅឯទីស្តីការក្រសួង។ អនុស្សរណៈរវាងភាគីទាំងពីរចុះនៅថ្ងៃនេះ គឺផ្តោតទៅលើការដោះស្រាយ និងស្តារ ប្រព័ន្ធរំដោះទឹកដែលកន្លងមក បានជន់លិចផ្នែកខ្លះក្នុងទីក្រុងនារដូវវស្សា និងការរៀបចំអាងប្រព្រឹត្តិកម្ម ដែលជាចំណុចសំខាន់ៗសម្រាប់ការទប់ស្កាត់ការបំពុលគុណភាពទឹក។ តាមរយៈអនុស្សរណៈនេះ ភាគីចិន នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា លើការគ្រប់គ្រងការបំពុល និងការគ្រប់គ្រងគុណភាពទឹក។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា អនុស្សរណៈនេះ មានសារសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងជាចំណុចគន្លឹះចាប់ផ្តើមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានកម្ពុជាចិន។
សូមរំលឹកថា អនុស្សរណៈដែលចុះនៅថ្ងៃទី២៦ ខែមីនានេះ គឺជាលទ្ធផលនៃកិច្ចការងារទ្វេភាគីរវាងកម្ពុជា-ចិន តាំងពីពាក់កណ្តាលឆ្នាំ២០១៦មកម្លេះ។ ស្ថានីយ៍តាមដានគុណភាពទឹកនេះ មានទំហំ៤ម៉ែត្រ គុណ ៥,៧០ម៉ែត្រ នៅលើច្រាំងទន្លេចតុមុខកោះពេជ្រ ធ្វើពីបេតុងអាមេ គ្រោងដែក និងដំបូលសង្គ័សី ហើយបានចាប់ដំណើរការសាងសង់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានបញ្ចប់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧។ ស្ថានីយ៍នេះ មានសមត្ថភាពតាមសីតុណ្ហភាព ភាពចម្លងអគ្គីសនី កំរិតpH កម្រិតអុកស៊ីសែនរលាយក្នុងទឹក DO និងភាពកកររបស់ទឹក អាម៉ូញាក់ (NH4) និង COD ដែលឧបករណ៍ទាំងនោះ ដំណើរការដោយស្វ័យប្រវត្តិលើ២៤ម៉ោងក្នុងមួយថ្ងៃ៕





0 comments