Wednesday, March 14, 2018

ស្ថានភាព​ជំងឺ​របស់លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត នៅ​ធ្ងន់ធ្ងរ​នៅឡើយ​

រស្មីកម្ពុជា

(ភ្នំពេញ)៖ ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ជា​អ្នកបើកបរ​រថយន្ត ដែល​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ព្រួត​គ្នា​វាយ មុននឹង​មហាជន​បន្ត​វាយ​លើ​រូបលោក និង​កម្ទេច​ឡាន​របស់​លោក កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ​។ រហូតដល់​រសៀល​ថ្ងៃទី​១៤​មីនា លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​ស្ថានភាព​ជំងឺ​នៅ​ធ្ងន់​នៅឡើយ ដែល​គ្រូពេទ្យ កំពុង​តាមដាន​។​

នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ សាស្ត្រាចារ្យ​មួយក្រុម នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​រាជធានី​ភ្នំពេញ បាន​ទៅសួរសុខទុក្ខ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត នៅ​មន្ទីរពេទ្យ​វៀតណាម​។​

លោក​សាស្ត្រាចារ្យ សេង ប៊ុនធឿន បង្រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ឲ្យ​ដឹងថា “​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ តាងនាម​ឯកឧត្តម​បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ខ្ញុំ និង​សហការី បានមក​សួរសុខទុក្ខ​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម​។ ជាទូទៅ ស្ថានភាព​ជំងឺ​នៅ​ធ្ងន់​នៅឡើយ ហើយ​គ្រូពេទ្យ កំពុង​បន្ត​យកចិត្តទុកដាក់​តាមដាន​”​។

​ជាមួយគ្នានេះ លោក​សាស្ត្រាចារ្យ សេង ប៊ុនធឿន បាន​បន្តថា “​ខ្ញុំ​បានប្រគល់​ថវិកា​របស់​សាកលវិទ្យាល័យ និង​ថវិកា​សាស្ត្រាចារ្យ និង​បុគ្គលិក​មួយចំនួន ជូន​ដល់​ភរិយា​របស់លោក​ផងដែរ​។ លោកស្រី​ជា​ភរិយា បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សាកលវិទ្យាធិការ និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក NUM ទាំងអស់ ដែល​បាន​លើកទឹកចិត្ត និង​ជួយ​ចែករំលែក​ការលំបាក​គ្រួសារ​លោកស្រី​នៅពេលនេះ​”​។​

​អំពី​ស្ថានភាព​ជំងឺ​របស់លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ក៏ត្រូវ​បាន​លោក​ជុំ​កុសល ទីប្រឹក្សា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោក​សាស្ត្រាចារ្យ ស៊ុយ​សារ៉េត ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម ទី​១-​ត្រចៀក​ខាងឆ្វេង ដេរ​ច្រើន​ថ្នេរ និង​ស្តាប់​ទូទៅ​បាន​ប្រហែល ៧០% ( និយាយ​ឮៗ​ច្រើនដង បានឮ​) ២-​ខ្លួន​កម្រើក​អត់​បានទេ ពេល​និយាយ បើ​ស្តាប់​បាន គាត់​កម្រើក​បានតែ​ចង្អុលដៃ​ម្ខាង រីឯ​ដៃ​ម្ខាង​ទៀត នៅ​ហើម ត្បិត​ពេលនោះ គាប​ជាប់​ទ្វារ​ឡាន​។ ៣-​មាត់​និយាយ​អត់​បាន ១០០% តែម្តង​។ ៤-​ហូប​អាហារ​រឹង ( បាយ ) អត់​បានទេ បានតែ​ទឹកដោះគោ ទឹក​បបរ​បញ្ចុក​តាម​ទុយោ​។ ៥-​បែក​ក្រអូមមាត់ សាច់​ថ្ពាល់​ខាងឆ្វេង​ធ្ងន់ធ្ងរ ស្រាំ​ឆ្អឹងថ្គាម​។ ៦-​ភ្នែក​បើក​បានតែ​ម្ខាង និង​មើលឃើញ​មិន​ច្បាស់ មាន​កកឈាម​ក្នុង​ភ្នែក​។ ​សរុបមក លោក​ជុំ​កុសល បញ្ជាក់ថា ស្ថានភាព​ជំងឺ​របស់លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត នៅ​ធ្ងន់ ហើយ​គ្រូពេទ្យ កំពុង​តាមដាន​បន្ត​”​។​

​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែមីនា ឆ្នាំ​២០១៨ មាន​ហេតុការណ៍ មហាជន​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នកបើកបរ​រថយន្ត​ទំនើប​ម្នាក់ គឺ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយ​គេ​អះអាងថា លោក​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​បើក​រត់ តាំងពី​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​ទួល​សង្កែ រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​។ លោក​សាស្ត្រាចារ្យ ត្រូវគេ​វាយ​ស្ទើរតែ​ស្លាប់ ហើយ​ឡាន​ត្រូវ​ខូចខាត​យ៉ាងដំណំ​។​

​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ មេធាវី​របស់​កូនស្រី​លោក​សាស្ត្រាចារ្យ ស៊ុយ​សារ៉េត បានដាក់​ពាក្យ​ប្តឹង​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឲ្យ​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស និង​ទាមទារ​សំណង​សរុប ១២០០ លាន​រៀល​។​

​កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ យុវជន ២​នាក់ ដែលជា​សាច់​ញត្តិ​របស់​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​បាន​ព្រួត​គ្នា​វាយ​លើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ត្រូវបាន​ប៉ូលិស​នាំខ្លួន​ទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា យុវជន​ទាំងពីរ​នោះ ត្រូវបាន​ដោះលែង​មកវិញ​៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...