លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅតែប៉ុន្មានថ្ងៃទៀតប្រាក់បៀវត្សន៍គ្រូបង្រៀនឡើងទៀតហើយ ឡើងទីមួយឡើងនៅក្នុងខែមករា គឺឡើងប្រាក់បៀវត្សន៍មូលដ្ឋាន និងចាប់ពីខែមេសា គឺឡើងប្រាក់បំណាច់មុខងារ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លើពិភពលោកនេះ ប្រហែលមិនមានប្រទេសណាដែលបើកប្រាក់ខែជូនមន្ត្រីរាជការនៅមុនដាច់ខែនៃខែនីមួយនោះទេគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ជារៀងរាល់ខែ។ លោកបានបន្ថែមថា នៅខែមេសា នឹងបានឡើងប្រាក់ខែម្តងទៀតហើយបើកមុនចូលឆ្នាំខ្មែរទៅទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា មិនតែប៉ុណ្ណោះសម្រាប់មុនពេលបុណ្យចូលឆ្នាំ និងក្រោយពេលចូលឆ្នាំសុទ្ធតែបានបើកប្រាក់ខែនៅពាក់កណ្តាលខែ ដែលជាខែបញ្ចេញប្រាក់រៀលដ៏ធំ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលមានវិធីក្នុងការគ្រប់គ្រងសាច់ប្រាក់នេះ៕





0 comments