Credit: រស្មីកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងទិសដៅឆ្នាំសិក្សា២០១៧-២០១៨។
សន្និបាតអប់រំ យុវជន និងកីឡា បានដំណើរការអស់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងទិសដៅការងារសម្រាប់ឆ្នាំសិក្សាខាងមុខ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សមិទ្ធផលអប់រំដែលក្រសួងបានសម្រេចក្នុងឆ្នាំសិក្សា២០១៦-២០១៧ ក៏ដូចជាឆ្នាំមុនៗកន្លងមក គឺពិតជាអាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាលយកចិត្តទុកដាក់លើវិស័យអប់រំ ចាត់ទុកវិស័យអប់រំជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច និងជាវិស័យអភិវឌ្ឍធនធានមនុស្ស សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ឆ្លងតាមការពិភាក្សា និងសំណូមពរទាំងឡាយ ដែលបុគ្គលិកសិក្សាបានលើកឡើងនៅពេលសន្និបាតក្រសួងគ្រោងនឹងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តនៅឆ្នាំសិក្សាបន្ទាប់ ដោយឈរលើអនុវិស័យទាំង៧ គឺទី១.អនុវិស័យការអប់រំកុមារតូច, ទី២.អនុវិស័យ ការអប់រំបឋមសិក្សា, ទី៣.អនុវិស័យ ការអប់រំមធ្យមសិក្សានិងអប់រំបច្ចេកទេស, ទី៤.អនុវិស័យ ការអប់រំឧត្តមសិក្សា, ទី៥.អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ, ទី៦.អនុវត្ត ការអភិវឌ្ឍន៍យុវជន និងទី៧.អនុវិស័យ ការអប់រំកាយនិងកីឡា។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បន្ទាប់ពីអង្គសន្និបាតនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តអនុវត្តកំណែទម្រង់អប់រំដោយឈរលើសសរស្តម្ភទាំង៥។ សសរស្តម្ភទី១ គឺការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន។ សសរស្តម្ភទី២ ការពិនិត្យឡើងវិញកម្មវិធីសិក្សាសៀវភៅសិក្សាគោល និងកែលម្អបរិស្ថានសិក្សា។ សសរស្តម្ភទី៣ ការដាក់ឱ្យអនុវត្តអធិការកិច្ច។ សរស្តម្ភទី៤ ការពង្រឹងរង្វាយតម្លៃសិក្សាដូចការប្រឡង រង្វាយតម្លៃថ្នាក់ជាតិ តំបន់ និងអន្តរជាតិ និងសសរស្ដម្ភ ទី៥ ការកែទម្រង់ឧត្តមសិក្សា៕




0 comments