ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់លើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ដោយគ្មានមូលដ្ឋាន។ សាលដីកាចុងក្រោយនេះ គឺបានចូលជាស្ថាពរហើយ មិនឱ្យមានការតវ៉ាទៀតទេ។ នេះបើតាមការអះអាងរបស់ លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
ចំពោះសំណុំរឿងមួយនេះ សាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ បានចេញសាលដីកាផ្តន្ទាទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ ព្រមទាំងបង្គាប់ឱ្យទណ្ឌិតរូបនេះ សងសំណងជំងឺចិត្តចំនួន១០០រៀល ជូនដើមបណ្តឹងរដ្ឋប្បវេណី។ លោក គី តិច បានបញ្ជាក់ថា សាលដីកាជនជាប់ចោទ សម រង្ស៊ីនេះ ត្រូវបានចូលជាស្ថាពរ រួមជាមួយនឹងសាលដីការបស់ជនជាប់ចោទ ថាក់ ឡានី ដែរហើយសុទ្ធតែអាចអនុវត្តបាន។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥, មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីកេងចំណេញករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី មកធ្វើជានយោបាយវាយប្រហារលើរាជរដ្ឋាភិបាល៕

0 comments