Credit: កោះសន្តិភាព
រាជធានីភ្នំពេញ៖ ថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំបានបង្ហោះអំពីការខំមិន BFF ដើម្បីដឹងថា ហ្វេសប៊ុករបស់អ្នកមានសុវត្ថិភាពឬអត់? ដែលបានអះអាងថា បើអក្សរ BFF ចេញមកពណ៌បៃតងបានន័យថា គណនីហ្វេសប៊ុករបស់អ្នកមានសុវត្ថិ បើមិនចេញពណ៌នោះទេគឺមានន័យថាត្រូវបានគេហេក(Hack) ប៉ុន្តែវាជាពត៌មានមិនពិត ។
អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយរូបមិនបញ្ជេញឈ្មោះបានលើកឡើងថា វាមិនមែនជារឿងទាក់ទងនឹងសុវត្ថិភាពរបស់ហ្វេសប៊ុកទេ វាគ្រាន់តែជា Text Animation មួយដែលបញ្ជាទៅលើម៉ាស៊ីនដើម្បីចេញជាសកម្មភាពផ្សេងៗទៅតាមពាក្យដែលក្រុមហ៊ុនបានតំណរភ្ជាប់វារួចហើយ ។ អីចឹងគ្មានអ្វីដែលថា ប៉ះពាល់ដល់គណនីរបស់អ្នកប្រើប្រាស់ទេ ព្រោះកន្លងមកហ្វេសប៊ុកតែងតែដាក់ចេញនូវពាក្យអបអរសាទរជាច្រើនមកហើយដែរ (Congratulations) តែដោយសារពាក្យចចាមអារាមរបស់អ្នកប្រើប្រាស់មួយចំនួនចង់ឲ្យ Page ឬគេហទំព័រ (Website) របស់គេមានអ្នកចូលមើលច្រើនតែប៉ុណ្ណោះ ។
លោក សេង អ៊ូ គ្រូបង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយ មិនគាំទ្រនូវពាក្យចចាមអារាមទាំងនេះដែរ វាគ្រាន់តែជាការបំផុសបំផុលដើម្បីឲ្យអ្នកដទៃមានការយល់ច្រលំ ហើយក៏មានអ្នកខ្លះចូល Comment តែសម្រាប់លោកវាគ្រាន់តែជាល្បែងលេងកម្សាន្តតែប៉ុណ្ណោះ ។
លោកថា ៖ « បើតាមខ្ញុំគិតវាគឺជាការបំផុសបំផុលដើម្បីអោយអ្នកដ៏ទៃទៀតមានការយល់ច្រឡំ ឬក៏អាចជាល្បែងកម្សាន្តលេងរបស់អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយចំនួនតែប៉ុណ្ណោះ តែសម្រាប់ខ្ញុំគឺអត់ជឿនៅរឿងនេះទេ ព្រោះវាជារឿងធម្មតាទៅហើយដែលក្រុមហ៊ុនហ្វេសប៊ុកតែងតែរកនូវអ្វីដែលថ្មីៗដើម្បីចេញជាសកម្មភាពផ្សេងៗ ដើម្បីឲ្យអ្នកប្រើប្រាស់ប្លែកភ្នែក» ។
យោងតាមគេហទំព័រ medium.com បានបង្ហាញថា ពាក្យទាំងនេះគ្រាន់តែជា Text Delight Animations ដែលជា Keyword ដើម្បីអបអរសាទរ នៅពេលដែលមាននរណាម្នាក់បាន Comment ហើយចេញជាសកម្មភាពផ្សេងៗគ្នាទៅតាម Keyword នីមួយៗ ដែលកន្លងមកអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកជាច្រើនធ្លាប់បានប្រើរួចមកហើយ ។ ទាំងនេះជា Text Delight Animations ខ្លះៗដែលហ្វេសប៊ុកបានបង្កើតវាឡើងមានដូចជា ៖ you’re the best, bff, bffs, best wishes, Congrats, Congratulations, xoxo,…និងមានជាពាក្យជាច្រើនទៀត ហើយវាតែងតែធ្វើការផ្លាស់ប្តូរសកម្មភាពផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ៕

0 comments