Tuesday, February 6, 2018

ស្វែងយល់៖ បដិវត្តន៍ពណ៌ទូទាំងសកលលោក


(ពិភពលោក)៖ បដិវត្តន៍ពណ៌ជាពាក្យមួយដែលត្រូវបានប្រើប្រាស់ដោយទូទាំងសកលលោក ដោយដំបូងឡើយ គេប្រើដើម្បីពណ៌នាពីចលនាផ្សេងៗជាច្រើន ដែលកើតឡើងក្នុងសង្គមមួយចំនួនក្នុងអតីតសភាពសូវៀត និងឧបទ្វីបបាល់កង់ នៅអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០។

ក្រោយមកពាក្យនេះ ក៏ត្រូវបានប្រើប្រាស់ក្នុងបដិវត្តន៍មួយក្នុងតំបន់ផ្សេងទៀតរួមទាំងតំបន់ មជ្ឈឹមបូព៌ាផងដែរ។ អ្នកអង្កេតការណ៍មួយចំនួនដូចជា លោក Justin Rainmondo និងលោក Michael Lind បានចាត់ទុកព្រឹត្តិការណ៍នេះថា ជារលកនៃបដិវត្តន៍ ជាក់ស្តែងដូចជា បដិវត្តន៍អំណាចមនុស្ស ឆ្នាំ១៩៨៦ (ឬបដិវត្តន៍ពណ៌លឿង) ក្នុងប្រទេស ហ្វីលីពីនជាដើម។
អ្នកចូលរួមក្នុងបដិវត្តន៍ពណ៌ភាគច្រើន ធ្វើបដិវត្តន៍ទាមទារដោយអហិង្សា ឬហៅថា ចលនាតស៊ូស៊ីវិល។ មធ្យោបាយក្នុងការបះបោរទាំងនោះមានដូចជា ការធ្វើបាតុកម្ម កូដកម្ម និងអន្តរាគមន៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលគេមើលឃើញថា មានប្រព្រឹត្តអំពើពុករលួយ ឬផ្តាច់ការ និងដើម្បីតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ ពេលខ្លះចលនាទាំងនេះ ក៏មានប្រើប្រាស់សម្ពាធខ្លាំង សម្រាប់ការផ្លាស់ប្តូរផងដែរ។ យ៉ាងនេះក្តីការធ្វើបដិវត្តន៍មិនមែនសុទ្ធតែអាចសម្រេចលទ្ធផល ទៅតាមការគ្រោងទុកនោះទេ។ ពេលខ្លះវាក៏អាចផ្តល់នូវផលវិបាកជាច្រើន ហួសពីអ្វីដែលយើងនឹកស្មានមិនដល់ផងដែរ។ បដិវត្តន៍ពណ៌ជាទូទៅបានប្រើប្រាស់ពណ៌ផ្កា ឬវត្ថុអ្វីដែលជាក់លាក់ណាមួយជានិមិត្តសញ្ញា។
ខាងក្រោមនេះជាចលនាបដិវត្តន៍ពណ៌សំខាន់ៗដែលកើតមានឡើងទូទាំងសកលលោក៖

១៖ បដិវត្តន៍ផ្កា ការណេហ្ស៊ិន (Carnation Revolution) កើតឡើងក្នុងប្រទេស ព័រទុយហ្កាល ចាប់ផ្តើមនិងបញ្ចប់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៤ មនុស្សចូលរួមធ្វើបដិវត្តន៍នេះ នាំគ្នាភ្ជាប់មកជាមួយនូវផ្កា ការណេហ្ស៊ិននេះ។

២៖ បដិវត្តន៍ពណ៌លឿង (Yellow Revolution) កើតឡើងនៅក្នុងប្រទេស ហ្វីលីពីន ចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាបដិវត្តន៍ដែលគ្មានអំពើហិង្សា ដើម្បីប្រឆាំងលោកប្រធានាធិបតី Ferdinand Marcos។

៣៖ បដិវត្តន៍ក្រណាត់កម្ញី (Velvet Revolution) កើតឡើងក្នុងប្រទេស ឆេកូស្លូវ៉ាគី ចាប់ផ្តើមនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ ជាការផ្តួលរំលំរបបកុម្មុយនីសក្នុងប្រទេស ឆេកូស្លូវ៉ាគី។

៤៖ បដិវត្តន៍ ប៊ូលឌូហ្ស៊ែរ (Bulldozer Revolution) កើតឡើងក្នុងប្រទេស យូហ្គោស្លាវី ចាប់ផ្តើម និងបញ្ចប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០០ ជាបដិវត្តន៍ទម្លាក់លោក Slobodan Milošević។

៥៖ បដិវត្តន៍ផ្កាកូឡាប (Rose Revolution) កើតឡើងក្នុងប្រទេស ហ្ស៊កហ៊្សី ចាប់ផ្តើមនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៣ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០០៣ ឈានដល់ការទម្លាក់លោក Eduard Shevardnadze។

៦៖ បដិវត្តន៍ពណ៌ទឹកក្រូច( Orange Revolution) កើតឡើងក្នុងប្រទេស អ៊ុយក្រែន ចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥។ ការធ្វើបដិវត្តន៍នេះបានកើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០០៤។

៧៖ បដិវត្តន៍ពណ៌ស្វាយ (Purple Revolution) កើតឡើងក្នុងប្រទេស អ៊ីរ៉ាក់ ចាប់ផ្តើម និងបញ្ចប់ទៅវិញនៅខែមករា ឆ្នាំ២០០៥។ ពណ៌នេះត្រូវបានប្រើប្រាស់ សំដៅទៅលើ ពណ៌ថ្នាំលើម្រាមដៃនៃអ្នកដែលបោះឆ្នោតរួចហើយ ។ អ្នកធ្វើបដិវត្តន៍ចង់បានការឆ្នោតដោយគ្មានការក្លែងបន្លំ។

៨៖ បដិវត្តន៍ផ្កា ធូលីប (Tulip Revolution) កើតមានឡើងក្នុងប្រទេស កៀហ្ស៊ីស៊ីស្ថាន ចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥។ បដិវត្តន៍នេះ ពេលខ្លះត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ពណ៌ស៊ីជម្ពូផងដែរ។ វាជាបដិវត្តន៍ដែលបង្កអំពើហិង្សា និងកើតឡើងបន្ទាប់ពីការមិនពេញចិត្តការបោះឆ្នោតសភា ឆ្នាំ២០០៥។

៩៖ បដិវត្តន៍ដើម ស៊ីដា (Cedar Revolution) កើតឡើងក្នុងប្រទេស លីបង់ ចាប់ផ្តើមពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០០៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៥។ វាកើតឡើង បន្ទាប់ពីការធ្វើឃាតទៅលើមេដឹកនាំបក្សប្រឆាំងលោក Rafik Hariri ក្នុងឆ្នាំ២០០៥ និងជាការទាមទារឱ្យស៊ីរី បញ្ឈប់ការឈ្លានពានទៅលើប្រទេស លីបង់។

១០៖ បដិវត្តន៍ពណ៌ ខៀវ (Blue Revolution) កើតឡើងក្នុងប្រទេស គុយវែត ក្នុងខែមីនា ឆ្នាំ២០០៥។ ជាការទាមទារឱ្យស្ត្រីមានសិទ្ធចូលរួមក្នុងការបោះឆ្នោត។

១១៖ បដិវត្តន៍ ខោខូវប៊យ (Jeans Revolution) កើតឡើងក្នុងប្រទេស បេឡារូស ចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៦។ ក្នុងបាតុកម្មនេះ មនុស្សនាំគ្នា ខោខូវប៊យ ដើម្បីធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី Alexander Lukashenko។

១២៖ បដិវត្តន៍រមៀត (Saffron Revolution) កើតឡើងក្នុងប្រទេស ភូមា ចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍រមៀត ដោយសារព្រះសង្ឃចូលរួមការធ្វើបាតុកម្មដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។

១៣៖ បដិវត្តន៍ទំពាំងបាយជូ (Grape Revolution) កើតឡើងក្នុងប្រទេស ម៉ុលដាវី ចាប់ផ្តើមពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ ឈ្មោះនៃបដិវត្តន៍នេះ ដោយសារប្រទេស ម៉ុលដាវី សម្បូរចម្កាទំពាំងបាយជូ។

១៤៖ បដិវត្តន៍ពណ៌បៃតង (Green Revolution) កើតឡើងក្នុងប្រទេស អ៊ីរ៉ង់ កើតឡើងចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ជាការធ្វើបដិវត្តន៍ដើម្បីប្រឆាំងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេស អ៊ីរ៉ង់ក្នុងឆ្នាំ២០០៩។

១៥៖ បដិវត្តន៍ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេស ទុយនេស៊ី ចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ជាការធ្វើបដិវត្តន៍ដើម្បីបណ្តេញលោក Ben Ali ចេញពីដំណែង។

១៦៖ បដិវត្តន៍ផ្កាឈូក (Lotus Revolution) កើតឡើងក្នុងប្រទេស អេហ្ស៊ីប កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១។ ផ្កាឈូក ត្រូវបានគេដឹងថា ជាដំណាងឱ្យការរស់ឡើងវិញជាជីវិត និងព្រះអាទិត្យសម្រាប់ប្រទេសអេហ្ស៊ីបបុរាណ។

១៧៖ បដិវត្តន៍ ផ្កាម្លិះ (Jasmine Revolution) កើតឡើងក្នុងប្រទេសចិន ចាប់ផ្តើមពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។ ការធ្វើបដិវត្តន៍ ផ្កាម្លិះត្រូវបានលេចឡើងជាលើកដំបូងនៅក្នុងគេហទំព័រ Boxun.com។ បាតុកម្មនេះ កាន់តែលេចឡើងកាន់តែច្បាស់ បន្ទាប់ពីការបិទប្រព័ន្ធអ៊ីនធើណែត ដែលផ្តល់ការស្រាវជ្រាវអំពីផ្កាម្លិះ។

១៨៖ បដិវត្តន៍ចម្រុះពណ៌ (Colorful Revolution) កើតឡើងក្នុងប្រទេស ម៉ាសេដូន ចាប់ផ្ដើមពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ វាត្រូវបានដាក់ឈ្មោះថា បដិវត្តន៍ចម្រុះពណ៌ ដោយសារក្រុមបាតុករគប់បាល់ជាប់ដោយថ្នាំចម្រុះពណ៌ទៅលើ អគាររដ្ឋាភិបាល។ បដិវត្តន៍នេះធ្វើឡើងដើម្បីប្រឆាំងនឹង ប្រធានាធិបតី Gjorge Ivanov និងរដ្ឋាភិបាល ម៉ាសេដូន៕
ដោយ៖Fresh News








Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...