(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលតាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យជួយវែកមុខជនប្រឌិតព័ត៌មានញុះញង់ថា «មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ គាំទ្រដល់ចលនាសង្រ្គោះជាតិខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា បច្ចុប្បន្នមានជនក្បត់ជាតិមួយក្តាប់តូចដែលគាំទ្រចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងទាំងបំពានច្បាប់ដោយទណ្ឌិត សម រង្ស៊ី បាននឹងកំពុងធ្វើវិទ្ធង្សនា ដែលបានបង្កភាពញុះញង់ឲ្យសាមគ្គីផ្ទៃក្នុង របស់កងយោធពលខេមរភូមិន្ទ បែកបាក់បង្កភាពមិនទុកចិត្ត និងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដឹកនាំឲ្យសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមស្នើជាបន្ទាន់ដល់ស្ថាប័នមានសមត្ថកិច្ចតាមកំចាត់ ជនទាំងនោះដើម្បីមកផ្តន្ទាទោសតាមច្បាប់ របស់កម្ពុជា កុំទុកឲ្យជនទាំងនោះមានឱកាសបង្កភាពវឹកវរដល់សង្គមសុខសាន្តរបស់ព្រះរាជាណាចក្រកម្ពុជា។
ការអំពាវនាវរបស់ លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីមានទំព័រ Facebook មួយឈ្មោះ «សារព៌ត៌មានជំនាន់ថ្មី» បានផ្សព្វផ្សាយប្រឌិតថា លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ បានគាំទ្រចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយប្រឌិតនេះ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរង កងពលតូចថ្មើរជើង លេខ៤២ បានច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយដោយទំព័រ Facebook «សារព៌ត៌មានជំនាន់ថ្មី» ដែលប្រឌិតថា លោកគាំទ្រដល់ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នេះដែរ។ ឧត្តមសេនីយ៍ត្រី នាក់ វង្ស បានចាត់ទុកការផ្សព្វផ្សាយបែបនេះ មានចេតនាទុចរិត ក្នុងបំណងញ៉ុះញង់បំបែកបំបាក់ មកលើកម្លាំងកងទ័ព ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងជាការលាបពណ៌មួយចំពោះរូបលោក។
លោក នាក់ វង្ស បានបញ្ជាក់យ៉ាងដូច្នេះថា«ព័ត៌មាននេះគឺជាព័ត៌មានចិត្តសាស្ត្រ ដែលជនអគតិធ្វើឡើងដើម្បី លាបពណ៌ ញុះញង់ បំបែកបំបាក់ សាមគ្គីផ្ទៃក្នុងរបស់កងទ័ព។ ក្នុងនាមជានាយទាហានម្នាក់គោលជំហររបស់ខ្ញុំ គឺស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ប្រឆាំងដាច់ខាតចំពោះចលនាសង្រោះជាតិ និងបក្សសង្រោះជាតិ ដែលជាបក្សក្បត់ជាតិ ត្រូវបានតុលាសំរេច រំលាយចោលទៅហើយនោះ»។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់ទីកន្លែង។ ប្រជាពលរដ្ឋមានសិទ្ធសេរីភាព ដើរហើរ ប្រកបរបរទទួលទាន ដោយសេរី។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខកងទ័ព និងគ្រួសារកងទ័ព ជាពិសេសកងទ័ព ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ «ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេច រំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ»។
មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២រូបនេះ បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន លបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ និងគាំទ្រផងដែរ ចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សា ការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស៕
Credit: Fresh News
0 comments