ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមានទំព័រ Facebook មួយឈ្មោះ «សារព៌ត៌មានជំនាន់ថ្មី» បានផ្សព្វផ្សាយប្រឌិតថា លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ បានគាំទ្រចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ។
ចំពោះការផ្សព្វផ្សាយប្រឌិតព័ត៌មាននេះ ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរង កងពលតូចថ្មើរជើង លេខ៤២ បានច្រានចោលទាំងស្រុង។ លោកបានចាត់ទុកការផ្សព្វផ្សាយបែបនេះ មានចេតនាទុចរិត ក្នុងបំណងញ៉ុះញង់បំបែកបំបាក់ មកលើកម្លាំងកងទ័ព ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងជាការលាបពណ៌មួយចំពោះរូបលោក។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថា ការប្រឌិតព័ត៌មានបែបនេះ គ្រាន់តែធ្វើឡើងដើម្បីបំភាន់សាធារណជនតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតចលនាឧទ្ទាមដែលបង្កើតឡើងដោយ ទណ្ឌិត សម រង្ស៉ី មិនមានឥទ្ធិពលសម្រាប់កងទ័ពនោះទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់កងទ័ពកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គម Facebook កុំឱ្យក្រុមខិលខូចលួចចូលប្រើប្រាស់ ក្នុងផ្លូវមិនល្អបានឱ្យសោះ។
លោកបានបញ្ជាក់ថា កងទ័ពកម្ពុជា មិនគាំទ្រចំពោះចលនាណាមួយ ដែលបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិឡើយ។ កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ទេចនូវជនទាំងឡាយដែលព្យាយាមបង្កអសន្តិសុខ អស្ថិរភាព និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី រួមទាំងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយនោះ ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង២ពាន់នាក់ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោក សម រង្ស៉ី ពេលនេះគឺជាមេភេរវកម្មដ៏ធំមួយដែលមានចេតនាបង្កអសន្តិសុខដល់ប្រទេសកម្ពុជា។ ជាមួយគ្នានេះសម្តេចបានព្រមានធ្ងន់ៗថា លោក សម រង្ស៉ី សូមកុំចូលប្រទេសណាមួយ នៅក្នុងតំបន់អាស៊ីឱ្យសោះ បើមិនដូច្នោះទេ នឹងត្រូវកម្ពុជាសហការជាមួយប្រទេសផ្សេងៗចាប់ខ្លួនហើយ៕
ដោយ៖Fresh News
0 comments