(កណ្តាល)៖ អំពើឃាតកម្មវាយសម្លាប់ប្លន់ម៉ូតូមួយករណី ដែលបានកើតឡើងកាលពីចុងឆ្នាំ២០១៥កន្លងទៅ ពោលមានរយៈពេលជាង២ឆ្នាំនោះ នៅទីបំផុតជនដៃដល់ជាឃាតក ត្រូវបានកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងអាវុធហត្ថ៣ខេត្ត (ខេត្តកណ្តាលម្ចាស់ករណី ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ) បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនបានដោយជោគជ័យ។
យោងតាមរបាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកណ្តាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ពីដំណើររឿងយ៉ាងដូច្នេះថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១៖១៥នាទីប្រជាពលរដ្ឋប្រទះឃើញសាកសពមួយ នៅសល់តែគ្រោងឆ្អឹង និងសំលៀកបំពាក់ នៅចំណុចក្នុងព្រៃឫស្សី ចម្ងាយពីផ្លូវលំប្រហែល ១៥០ម៉ែត្រស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពោលជនរងគ្រោះត្រូវបានឃាតកសម្លាប់នៅចុងឆ្នាំ២០១៥។
ករណីនេះសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសាកសពធ្វើកោសលវិច្ច័យដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ តាមការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវតាមការអះអាងបញ្ជាក់ពីឈ្មោះ ជុច សេង (ឪពុកសេង ប៊ុនលី ) រស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យើងសន្និដ្ឋានថា ជាករណីឃាតកម្ម (ប្លន់សម្លាប់យកម៉ូតូ) ហើយសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងបន្ទុក ដោយសំអាងលើសំលៀកបំពាក់ និងខ្សែក្រវ៉ាត់ ហើយគាត់ (ឪពុកសព) បាត់កូន (សេង ប៊ុនលី) តាំងពីថ្ងៃអ៊ុទូកម្ល៉េះ។
ករណីនេះលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានដឹកនាំបញ្ជាផ្ទាល់ និងចុះអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែនយុត្តិធម៌ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបានមួយចំនួន។ ក្រោមបញ្ជា និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងជំនាញ អ.ហ ខេត្តកណ្តាល និងស្រុកកណ្តាលស្ទឹង បានពុះពារស្វែងរកមុខសញ្ញាជនសង្ស័យ រហូតបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនពីលោកព្រះរាជអាជ្ញា ដើម្បីស្វែងរកជនសង្ស័យឈ្មោះ យឺន ចន្ទី ហៅទី ហៅរ៉ា ព្រមទាំងបានជូនដំណឹងផ្សព្វផ្សាយដីកា និងរូបថតឈ្មោះ យឺន ចន្ទី ទៅគ្រប់អង្គភាពកងរាជអាវុធហត្ថថែមទៀតផង។
ក៏ប៉ុន្តែក្នុងដំណាក់ការអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួននេះ កម្លាំងជំនាញយើងរកពុំឃើញឈ្មោះ យឺន ចន្ទី ឡើយដោយគេបានគេចខ្លួនពីមូលដ្ឋានទៅរស់នៅសង្ងំលាក់ខ្លួនកន្លែងផ្សេង។
លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី ដែលបានរត់គេចមកលាក់ខ្លួន នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា (ជាក់ស្តែង) និងដោយបានពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ ភិនភាគ តាមដីកាជាមួយរូបថតដែល អ.ហ ខេត្តកណ្តាល បានផ្សព្វផ្សាយជូនដំណឹងកាលពីឆ្នាំ២០១៦ កម្លាំងជំនាញ អ.ហ ខេត្តបន្ទាយមានជ័យបានសួរនាំ (យឺន ចន្ទី) តើខ្លួនមានពាក់ពន្ធ័ករណីឃាតកម្មលើឈ្មោះ សេង ប៊ុនលី កាលពីចុងឆ្នាំ២០១៥ដែរទេ? ជនល្មើសរូបនោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ឆាយ ផារុត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំឆាកភ្លេង (អកកាដង់) រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ធ្វើសកម្មភាពជាមួយគ្នា សម្លាប់ប្លន់យកម៉ូតូ ឈ្មោះ សេង ប៊ុនលី (សព)កាលពីថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត៦ល្ងាច នៅចំណុចក្នុងព្រៃឬស្សី ក្នុងស្រុកកណ្តាលស្ទឹងពិតប្រាកដមែន។
ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកចៅក្រមស៊ើបសួរខេត្តកណ្តាល ទើបកម្លាំជំនាញកងរាជអាវុធហត្ថ ដឹងថា ជនសង្សយ័ឈ្មោះ យឺន ចន្ទី មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣១ ដក.បចខចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់ចៅក្របស៊ើបសួរសាលាដំបូងខេត្តកណ្តាល។
កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសុំគោលការណ៍ និងការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល យកជនសង្ស័យឈ្មោះ យឺន ចន្ទី ពីខេត្តបន្ទាយមានជ័យមកឃុំខ្លួន នៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) និងស្នើសុំពន្លាតសមត្ថកិច្ចដែនដី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ខេត្តតាកែវ នៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំ អ.ហ ខេត្តកណ្តាល ខេត្តតាកែវ សហការគ្នាហៅឈ្មោះ ឆាយ ផារុត នៅចំណុចមុខផ្ទះស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ យកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឆាយ ផារុត បានឆ្លើយសារភាពមានភាពស៊ីសង្វាក់ដូចគ្នា ទៅនឹងចម្លើយឈ្មោះ យឺន ចន្ទី (ឆ្លើយនៅ អ.ហ ខេត្តបន្ទាយមានជ័យ) ថា កាលល្ងាចថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងចំណោមពួកគេទាំង៣នាក់ ឈ្មោះ យឺន ចន្ទី មានថ្នាំញៀនមួយកញ្ចប់ និងបានបបួលឈ្មោះ ឆាយ ផារ៉ុត ព្រមទាំងជនរងគ្រោះ (សេង ប៊ុនលី) ចូលជក់ថ្នាំញៀនក្នុងព្រៃឫស្សីក្បែរកន្លែងកើតហេតុ ឃើញឱកាសល្អ និងដោយមានគំនុំពីមុនមកផងនោះ ជនសង្ស័យទាំងពីរនាក់ ធ្វើសកម្មភាពព្រួតគ្នា វាយទៅលើជនរងគ្រោះ ពេលនោះជនរងគ្រោះស្រែកឲ្យគេជួយភ្លាមនោះឈ្មោះ ឆាយ ផារុត ហូតខ្សែក្រវ៉ាត់ពីចង្កះទាក់កជនរងគ្រោះ ហើយទាញរឹតម្នាក់ម្ខាងជាមួយឈ្មោះ យឺន ចន្ទី រហូតដលជនរងគ្រោះដាច់ខ្យល់ដួលលើដី ហើយឈ្មោះ ឆាយ ផារុត យកកូនសោរចេញពីម៉ូតូជនរងគ្រោះ យកមកចាក់បំពង់ក ជនរងគ្រោះបន្ថែមជាច្រើនកន្លែងបន្ថែមទៀត រួចក៏នាំគ្នាអូសសពជនរងគ្រោះ យកទៅទុកចោលនៅក្នុងព្រៃឫស្សី ចម្ងាយពីផ្លូវលំប្រហែលជាង១០០ម៉ែត្រ ស្តិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពិតប្រាកដមែន ចំណែកម៉ូតូម៉ាក C១២៥ សេរីឆ្នាំ២០១៥ របស់ជនរងគ្រោះ។
ពួកគេបានជិះយកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៥០០ដុល្លារ រួចក៏ជិះម៉ូតូឌុបមកផ្ទះវិញ។ ក្រោយពីដឹងព័ត៌មានថា សមត្ថកិច្ចចាប់ខ្លួន ប៉ាត់ តុល រស់នៅភូមិឃុំជាមួយគ្នា យកទៅឃុំខ្លួន ក្នុងពន្ធនាគារខេត្តកណ្តាល ជាប់ពាក់ពាក់ពន្ធ័ករណីខាងលើ ពួកគេរត់ចេញពីមូលដ្ឋានគេចសម្ងំលាក់ខ្លួន នៅកន្លែងផ្សេង រហូតដល់ពេលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់។
នៅចំពោះមុខជំនាញកងរាជអាវុធខេត្តកណ្តាល ឈ្មោះ ឆាយ ផារុត ឆ្លើយសារភាពថា ខ្លួនប្រើប្រាស់ថ្នាំញៀន ការធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលបញ្ជាក់ថា ឈ្មោះ ឆាយ ផារុត ពិតជាមានសារធាតុញៀន។ ដោយឡែក ឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នឃុំខ្លួនបណ្តោះ អាសន្ន ក្នុងពន្ធនាគារខេត្តកណ្តាល ពុំបានចូលរួមធ្វើសកម្មភាព ក្នុងអំពើឃាតកម្មខាងលើនោះទេ។ នេះបើយោងតាមចម្លើយសារភាពរបស់ឃាតក ពិតប្រាកដគឺឈ្មោះ យឺន ចន្ទី និងឈ្មោះ ឆាយ ផារុត និងការស៊ើបអង្កេតស្រាវជ្រាវដោយដកចិត្តទុកដាក់របស់កម្លាំងជំនាញកងរាជអាវុធហត្ថ។
បច្ចុប្បន្នជនសង្សយ័ឈ្មោះ យឺន ចន្ទី ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល (តាមដីកា) រីឯជនសង្សយ័ឈ្មោះ ឆាយ ផារុត ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូង និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចផងដែរ។ ចំណែកឈ្មោះប៉ាត់ តុល បន្តឃុំខ្លួនក្នុងពន្ធនាគារ ខេត្តកណ្តាលនៅឡើយ រង់ចាំការសម្រេចរបស់តុលាការ។
លោកឧត្តមសេនីយ៍មេបញ្ជាការ សំ តុលា បានបញ្ជាក់ផងដែរថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសការដឹកនាំបញ្ជា ព្រមទាំងការយកចិត្តទុកដាក់ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសប្លន់ ឃាតកម្មជាដើម៕
0 comments