(អូស្រ្តាលី)៖ ខណៈដែលយើងទាំងអស់គ្នាបានដឹងហើយថា កម្ពស់នីវ៉ូទឹកសមុទ្រកំពុងតែកើនឡើង ការសិក្សាថ្មីមួយទៀតបានបង្ហាញថា ពួកវាកំពុងកើនឡើងក្នុងកម្រិតកាន់តែលឿនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ការសិក្សាដ៏សំខាន់មួយ ចេញផ្សាយនាដើមសប្តាហ៍នេះ នៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Proceedings of the National Academy of Sciences បានបង្ហាញឲ្យឃើញថា កម្ពស់នីវ៉ូទូទាំងសាកលលោក កំពុងតែកើនឡើង ហើយកើនឡើងក្នុងកម្រិតយ៉ាងច្រើន ជារៀងរាល់ឆ្នាំ ដែលប្រការនេះពិតជាការគំរាមកំហែងមួយយ៉ាងពិតប្រាកដ ចំពោះបណ្តាតំបន់ដែលមានប្រជាជនរស់នៅច្រើន នៅជិតឆ្នេរសមុទ្រ។
គួរជម្រាបថា ការសិក្សាខាងលើនេះ ដែលបានកត់ត្រាពីការកើនឡើង នៃកម្ពស់នីវ៉ូទឹកសមុទ្រលើពិភពលោកនេះ គឺផ្នែកទៅលើទិន្នន័យស្រាវជ្រាវរយៈពេល ២៥ឆ្នាំ ដោយប្រើប្រាស់បណ្តាញនៃផ្កាយរណបចំនួន ០៤គ្រឿង ដែលឃ្លាំមើលផែនដី។ យោងតាមការរកឃើញដដែល ប្រសិនបើកម្រិតកើនឡើងនាពេលបច្ចុប្បន្ន នៅតែបន្តរហូតដល់ឆ្នាំ២១០០ កម្ពស់នីវ៉ូទឹកសមុទ្រទូទាំងសាកល ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនប្រមាណ ៦៦សង់ទីម៉ែត្រ៕
0 comments