Wednesday, January 24, 2018

ប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់របស់កម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់​ពេញលេញនៅឆ្នាំ២០២០ ខណៈបច្ចុប្បន្នអគ្គិសនីគ្រប់ដណ្ដប់លើភូមិចំនួន​៨១.៦ភាគរយ


(ភ្នំពេញ)៖ ​លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពលអគ្គិសនី​ បានថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ​២០២០ ខាង​មុខនេះ ភូមិដាចស្រយាលនានា នៅក្នុងប្រទេសកម្ពុជាទាំង១៤១៦៨ភូមិ នឹងមានបណ្ដាញអគ្គិសនីប្រើប្រាស់ពេញលេញ រហូតទៅដល់៩៨% ​ជាមួយនឹង​តម្លៃ​សមរម្យ មានស្ថិរភាព និងមានគុណភាពទៀតផង ខណៈដែលបច្ចុប្បន្ននេះ​ភូមិចំនួន​៨១.៦ភាគរយ មានអគ្គិសនីគ្របដណ្ដប់​ពេញលេញ និងបានធ្វើឲ្យលំនៅដ្ឋារហូតដល់​៦៨.៦៤% មានអគ្គិសនីប្រើប្រាស់។

ថ្លែងក្នុងកម្មវិធីបើកសន្និបាត​ បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា «ប្រសិនបើយើងគិតតាមល្បឿន នៃការអភិវឌ្ឍន៍​បណ្ដាញផ្គត់ផ្គង់អគ្គិសនីគ្រប់ប្រភេទ ដែលយើងអាចធ្វើបានក្នុងរយៈ២ទៅ៣ឆ្នាំកន្លងមកនេះ យើងសង្ឃឹមថា ដល់ចុងឆ្នាំ២០២០ ​ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនត្រឹមតែមានអគ្គិសនីប្រើប្រាស់​ពីប្រភពអគ្គិសនី​ផ្សេងៗទេ តែយ៉ាងហោចណាស់មាន​៩៨ភាគរយ នៃភូមិទាំងអស់ នឹងមានអគ្គិសនីប្រើប្រាស់​ចេញពី ប្រភពអគ្គិសនីរបស់បណ្ដាញជាតិ ដែល​មានតម្លៃ​ទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមានគុណភាពថែមទៀតផង»។
លោកបានបញ្ជាក់បន្ថែមទៀតថា ចំណែកការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋាន​ប្រជាពលរដ្ឋវិញ តាមការប៉ាន់ស្មានរបស់​អ្នកសិក្សាថារហូត​ដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន​៧០% អាចមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែពេលនេះ តាមស្ថិតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថានៅចុងឆ្នាំ​២០១៧ ​លំនៅដ្ឋាន​ដែលបានភ្ជាប់​ចរន្ដអគ្គិសនី រួចរាល់មានចំនួន​៦៨.៦៤%។
លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់ចរន្ដអគ្គិសនី ដល់អ្នកប្រើប្រាស់អគ្គិសនី គ្រប់ប្រភេទបាន២៥ម៉ឺនទីតាំងបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ធ្វើឲ្យទីតាំង​ដែលមានអគ្គិសនីប្រើប្រាស់សរុបកើនឡើងដល់ ២,៤០៩,៩០៧ទីតាំង។
លោក ស៊ុយ សែម បានថ្លែងបន្ដថា ក្នុងចំណោមទីតាំងទាំង២៥ម៉ឺននេះ មានលំនៅដ្ឋានចំនួន​២,៣១៥,៩៣០កន្លែង មានទីតាំងអាជីវកម្ម ឧស្សាហកម្ម និងរដ្ឋបាល ៨៩,១០៨កន្លែង និងមានទីតាំងដែលជាស្ថាប័នរដ្ឋចំនួន​៤,៨៦៩កន្លែង។
ជាមួយគ្នានោះ យោងតាមលទ្ធផលនៃការចុះអង្កេត របស់ក្រុមសិក្សាក្នុងក្របខណ្ឌ នៃគម្រោងវាយតម្លៃការផ្គត់ផ្គង់អគ្គិសនីកម្ពុជា របស់ធនាគារពិភពលោកនៅឆ្នាំ២០១៧​ ថ្មីៗនេះក៏បានទស្សទាយថា មានលំនៅដ្ឋានចំនួន៧១.៥%​ បានទទួលការផ្គត់ផ្គង់អគ្គិសនីរួចហើយ ដូច្នេះ​ប្រសិនបើ​គិត​តាមលទ្ធផលនេះឃើញថា កម្ពុជាបានសម្រេចលទ្ធផល នៃការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋាន​អ្នកប្រើប្រាស់​មុនគោដៅប៉ាន់ស្មាន របស់​ក្រុមអ្នកសិក្សាដល់១៣ឆ្នាំ៕
ដោយៈFresh News


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...