(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានចំណូលពីពន្ធអាករគយជិត ២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត គុណ ញឺម បានបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៧ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ចំណូលសុទ្ធ (Net revenue) ពន្ធអាករគយសម្រេចបានជាង ៧,៦៦២ ប៊ីលានរៀល ស្មើនឹងជាង ១,៩០១លានដុល្លារអាមេរិក ត្រូវជាប្រមាណ ១០៤,៥% នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៧។ តួលេខនេះបង្ហាញពីកំណើនប្រមាណ ១០.៤% ធៀបនឹងលទ្ធផលចំណូលឆ្នាំ២០១៦។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះក្រៅពីលទ្ធផលចំណូលពន្ធ និងអាករគយ លោកអគ្គនាយកក៏បានលើកបង្ហាញនូវសមិទ្ធផលសំខាន់ៗ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពូជា រួមមានដូចជា ពង្រឹងការងារបច្ចេកទេសគយ និងអនុ លោមភាពនីតិវិធីគយ, ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, កិច្ចសម្រួលពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍន៍ធនធានមនុស្ស និងការពិគ្រោះយោបល់ជាមួយវិស័យឯកជនជាដើម។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប។ ទន្ទឹមនេះលោក ក៏បានទទួលស្គាល់បញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករទាំងអស់ត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារពេលខាងមុខ។
លោកបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការគាំទ្រចំពោះផែនការសកម្មភាពឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពូជា ដែលរួមមាន ១០គោលដៅ ២៦សកម្មភាពរួម និង ៩៨សកម្មភាពជាក់លាក់ ហើយដែលទើបបានកសាងនិងដាក់ឲ្យអនុវត្តនាពេលថ្មីៗនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់មន្ត្រីគយ និងរដ្ឋាករទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារជាអាទិភាពចំនួន ០៦ចំណុច រួមមាន៖
ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចនិងក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង៤ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី២៖ ការលើកកម្ពស់អនុលោមភាពវិស័យឯកជនតាមរយៈការបង្កើនការយល់ដឹងពីតម្លៃនៃវប្បធម៌សារពើពន្ធ និងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌សម្រាប់ជើងសាគយ
ទី៣៖ ការបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការកែលម្អនីតិវិធីគយ, ការ អនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនានា រួមទាំងការជម្រុញបង្កើតបញ្ជរតែមួយជាតិ និងការអនុវត្តយន្តការលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់
ទី៤៖ ការពង្រឹងយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន
ទី៥៖ ការពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ទាំងកម្រិតជាតិនិងកម្រិតអន្តរជាតិ
ទី៦៖ ការពង្រឹងសមត្ថភាពមន្ត្រីគយលើការងារបច្ចេកទេសគយ រួមមាន តម្លៃគិតពន្ធគយ, ចំណាត់ថ្នាក់ទំនិញ, វិធានដើមកំណើតទំនិញ និងកម្មសិទ្ធិបញ្ញា ព្រមទាំងការងារគោលនយោបាយគយផងដែរ។
លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ៕
ដោយៈFresh News
0 comments