Sunday, January 21, 2018

ទស្សនៈពលរដ្ឋ៖ ចលនាសង្គ្រោះជាតិ ជារណ្តៅកប់សាកសពបក្សសង្គ្រោះជាតិ!


(ភ្នំពេញ)៖ មិនត្រឹមតែអ្នកផ្សេងទេ សូម្បីតែអ្នកគាំទ្របក្សសង្គ្រោះជាតិភាគច្រើនសុទ្ធតែគក់ទ្រូងស្ទើរបែក និងហួសចិត្តជាពន់ពេក ដែលឃើញលោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចស្រាប់តែសុខៗ បានប្រកាសបង្កើតចលនាសង្គ្រោះជាតិពីក្រៅប្រទេស។ ចលនានេះមិនត្រឹមតែជាការបំផ្លាញអតីតបក្សសង្គ្រោះជាតិតែប៉ុណ្ណោះទេ តែវាក៏ជាអន្ទាក់ដែលនាំទុក្ខទោសដល់អ្នកគាំទ្រ អតីតបក្សនេះថែមទៀតផង។

ជាការពិតថា លោក សម រង្ស៊ី ស្ថិតក្នុងភាពទ័លច្រកដោយសារតែបក្សប្រឆាំងមួយនេះបានរលាយសាបសូន្យទៅដោយរលូន គឺមិនដូចអ្វីដែលអតីតមេបក្សចាកចោលតំណែងទាំងសោកស្តាយរូបនេះ រំពឹងទុកនោះទេ។ ដំបូងឡើយលោក សម រង្ស៊ី អះអាងថា តុលាការមិនហ៊ានរំលាយបក្សសង្គ្រោះជាតិទេ។ តែក្រោយការរំលាយ មេបក្សខ្វះយុទ្ធសាស្ត្ររូបនេះបានកែមកនិយាយថា គេរំលាយបក្សសង្គ្រោះជាតិបានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែ ស្មារតីនៃគណបក្សនេះមិនរលាយទេ។ លោក សម រង្ស៊ី ថែមទាំងស្រែកក្តែងៗពីក្រៅប្រទេសថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញទៀតផង។ ប៉ុន្តែចុងក្រោយនេះ អ្នកនយោបាយដែលមិនខ្វះពាក្យដោះសាររូបនេះសុខចិត្តទទួលស្គាល់ថា បក្សសង្គ្រោះជាតិរលាយហើយ រីឯមេបក្ស និងមន្ត្រីបក្សបែកបាក់ខ្ចាត់ខ្ចាយ ចំណែកសកម្មជន និងអ្នកគាំទ្រក៏តែលតោល អស់សង្ឃឹម….ក្នុងក្តីស្រមៃរវើរវាយថា ចង់លើកទឹកចិត្តអ្នកគាំទ្រឡើងវិញ លោក សម រង្ស៊ី ក៏ដេកយល់សប្តិឃើញរូបមន្តមហាចង្រៃគឺការបង្កើតចលនាសង្គ្រោះជាតិពីក្រៅស្រុក។ ទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង ខំស្រែកក្តែងៗដើម្បីបញ្ចុះបញ្ចូលពលរដ្ឋខ្មែរ នៅក្រៅស្រុកឲ្យជឿថា ចលនានេះអាចធ្វើឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ។ ប៉ុន្តែតាមការពិត មិនមែនដូច្នោះឯណា ចលនានេះគឺជារណ្តៅកប់សាកសពរបស់បក្សសង្គ្រោះជាតិទៅវិញទេតើ។
ហេតុអ្វីបានជាគេអាចនិយាយដូច្នេះ?
ទី១៖ ការបង្កើតចលនានេះមានន័យថា ជាការទទួលស្គាល់ការរលាយសាបសូន្យរបស់បក្សសង្គ្រោះជាតិ។
ទី២៖ ចលនានេះបានវាយបំបែកអតីតមន្ត្រី និងសកម្មជន អ្នកគាំទ្របក្សសង្គ្រោះជាតិឲ្យបែកបាក់យ៉ាងធ្ងន់ធ្ងរ និងបានញែកក្រុមលោក សម រង្ស៊ី ចេញពីក្រុមលោក កឹម សុខា យ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែក្រុមលោក កឹម សុខា ទេសូម្បីក្រុមរបស់ លោក សម រង្ស៊ី ខ្លួណឯងមួយចំនួនក៏មិនចូលរួមក្នុងចលនានេះដែរ។
ទី៣៖ ចលនាសង្គ្រោះជាតិគឺជាអន្ទាក់សម្រាប់ទាក់កសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនឲ្យធ្លាក់ក្នុងគន្លងនៃបទល្មើស ហើយត្រូវប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់។ តើអ្នកណាហ៊ានចូលរួមក្នុងចលនាឧទ្ទាមក្រៅច្បាប់មួយនេះ? ដូច្នេះ ការរំពឹងរបស់លោក សមរង្ស៊ី ដែលថាចលនានេះអាចធ្វើសកម្មភាពទូលំទូលាយហើយគ្មានអ្នកណា អាចរំលាយបាននោះគឺជាការយល់ច្រលំទាំងស្រុងពីព្រោះចលនាខុសច្បាប់មិនអាចធ្វើអ្វីបានឡើយ។ មិនថាឡើយតែអ្នកនៅក្នុងស្រុក សូម្បីតែអ្នកដែលរត់ទៅក្រៅស្រុកទៅហើយនោះរាប់ទាំងលោក សម រង្ស៊ី អេង ឆៃអ៊ាង បក្សបក្សពួកផង ក៏គង់គេចមិនផុតពីចំណាត់ការផ្លូវច្បាប់ដែរ។
ទី៤៖ ចលនានេះមានលក្ខណៈជាក្រុមឧទ្ទាមដែលមានបំណងញុះញង់ឲ្យមានអំពើហិង្សានៅក្នុងប្រទេសដែលជាចលនាដ៏អាក្រក់ និងហួសសម័យ។ តើពលរដ្ឋខ្មែររូបណាដែលប្រាថ្នាចង់ឃើញអំពើហិង្សា វឹកវរកើតឡើងក្នុងប្រទេសរបស់ខ្លួនជាថ្មីទៀតនោះ? តើសហគមន៍អន្តរជាតិណាទៅគាំទ្រចលនាឧទ្ទាមក្រៅច្បាប់ ហើយមានបំណងបង្កអំពើហិង្សាបែបនេះ?
ទី៥៖ សម័យនេះ គេនាំគ្នាធ្វើនយោបាយនាំប្រជាជន និងនាំជាតិទៅរកសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោត ប៉ុន្តែ ចម្លែកអ្វីតែ សម រង្ស៊ី និងបក្សពួកបែរជាធ្វើនយោបាយថយក្រោយ កន្លះសតវត្សរ៍ដោយបែរទៅបង្កើតចលនាឧទ្ទាមក្រៅច្បាប់ដើម្បីដណ្តើមអំណាចតាមបែបហិង្សាទៅវិញ?
សរុបទៅចលនាសង្គ្រោះជាតិគឺជាឧបករណ៍ប្រមូលកម្ទេចសាកសពបក្សសង្គ្រោះជាតិយកទៅដាក់ក្នុងរណ្តៅយ៉ាងពិតប្រាកដ។ ទោះជាដោយចេតនា ឬអចេតនា ក៏អំពើរបស់លោក សម រង្ស៊ី ពេលនេះត្រូវបានមហាជនទូទៅមើលឃើញថា ពិតជាពិសពុលខ្លាំងណាស់ទាំងសម្រាប់បក្សសង្គ្រោះជាតិ និយាយដោយឡែក និងទាំងសម្រាប់ប្រទេសជាតិទាំងមូលនិយាយជារួម។ លោក សម រង្ស៊ី ហាក់ដូចជាកំពុងវង្វេងវង្វាន់លែងដឹងខុសត្រូវ ហើយកំពុងនាំប្រជាជន និងប្រទេសជាតិទៅរកគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ជាតិជាអ្នកនយោបាយ ហេតុអ្វីបានជាដេករកនឹកឃើញតែយុទ្ធសាស្ត្រអាក្រក់ៗបែបនេះ? ឬមួយក៏ឈាមជ័ររបស់គាត់ជំរុញឲ្យគាត់នឹកឃើញតែអំពើអាក្រក់ៗបែបនេះ? គេនៅចាំបានថា លោក សម រង្ស៊ី បានដឹកនាំគណបក្សជាតិខ្មែរឲ្យរលាយ, គណបក្ស សម រង្ស៊ី ក៏រលាយ ឥឡូវបក្សសង្គ្រោះជាតិរលាយសាបសូន្យមួយទៀត ហើយលោក សម រង្ស៊ី កំពុងប្រមែប្រមូលឆ្អឹងបក្សសង្គ្រោះជាតិ ដាក់ក្នុងរណ្តៅដើម្បីកប់ចោលកុំឲ្យនៅសេសសល់អ្វីទាំងអស់។ ទីបំផុត សម រង្ស៊ី ខ្លួនឯងក៏គង់តែនឹងដើរចូលរណ្តៅដែលខ្លួនឯងជីកនោះដោយខ្លួនឯងជាមិនខាន។ មិនត្រឹមតែរលាយគណបក្សជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងមួយជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី ចេះតែរបៀបធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់ ដោយនាំប្រជាជនធ្វើបាតុកម្មហិង្សា ឲ្យប្រជាជនលក់មាន់ លក់ទា ដីស្រែចំការដើម្បីចូលរួមបាតុកម្មជាមួយលោក សម រង្ស៊ី។ ឱ! សម រង្ស៊ី អើយហេតុអីក៏ចង្រៃយ៉ាងនេះ?
ដោយ៖ កូនខ្មែរ


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...