Thursday, February 1, 2018

សវនាការលើសំណុំរឿងជនត្រូវចោទ កឹម សុខា ត្រូវបានបញ្ចប់, សាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​


(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖២៥នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងជនត្រូវចោទ កឹម សុខា លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ត្រូវបានបញ្ចប់ សាលាឧទ្ធរណ៍សម្រេចបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​។

លោក​មេធាវី​ ជូង​ ជូងី​ ថ្លែង​ថា​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ មិន​ព្រម​ដោះលែង​លោក​ កឹម​ សុខា​ ទេ​ ពោល​គឺ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដដែល​ ។ រង់ចាំ​តុលាការ​បន្ត​នីតិវិធី។
ជនត្រូវចោទ កឹម សុខា ត្រូវបាននាំខ្លួននៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំវិញ ក្រោមការយាមកាមយ៉ាងខ្លាំងពីកម្លាំងសមត្ថកិច្ច។
សូមបញ្ជាក់ថា លោក កឹម​ សុខា​ ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍នៅម៉ោងជាង៥៖០០នាទី ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។
សវនាការ​របស់ជនត្រូវ​ចោទ​ កឹម​ សុខា​ ត្រូវធ្វើឡើងជា​អសាធារណៈ​នាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។
នៅសាលាឧទ្ធរណ៍ នាព្រឹកនេះគេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ។
សវនាការលើសំណុំរឿងលោក កឹម សុខា ​នេះ​ ដឹកនាំ​ដោយ​លោក​ លោក​ ផូ​ ពៅ​ស៊ុន​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ និង​លោក​ព្រះ​រាជ​អាជ្ញា​ ហ៊ឹង​ ប៊ុនជា​ ជា​តំណាង​មហា​អយ្យការ​។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕







Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...