អ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបនៅលើពិភពលោក បានមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍និងចំណេះដឹងដល់បុគ្គលិកអាជ្ញាធរជាតិអប្សរានិងសាធារណជនស្តីអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
ពិធីនេះអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិជាច្រើនរូបមកពីប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ អាហ្សង់ទីន ធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវលោហធាតុដែលបានរកឃើញកន្លងមកទាំងនៅកម្ពុជានិងបណ្តាប្រទេសផ្សេងៗ ចែករំលែកដល់អ្នកសិក្សាជាតិ-អន្តរជាតិជាច្រើនរូប។
លោក Brice Vincent អ្នកទទួលខុសត្រូវគម្រោង Fondre pour le roi បានឱ្យដឹងថា នេះជាសិក្ខាសាលាលើកទី៣នៃគម្រោងនេះ ដែលលើកទី១ធ្វើនៅអាមេរិក លើកទី២នៅបារាំង និងលើកទី៣នៅកម្ពុជា។ គោលបំណងនៃបទបង្ហាញ គឺដើម្បីប្រមូលផ្តុំនូវរបៀបសិក្សាអំពីលោហធាតុ ដែលមានរយៈពេលពីឆ្នាំ២០១៥-២០២០។
លោកបន្តទៀតថា ក្នុងសិក្ខាសាលានេះឡើង យើងបានសុំឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម មកជួបជុំគ្នានិយាយអំពីរូបមន្តនៃការផលិតលោហធាតុក្នុងប្រទេសផ្សេងគ្នា សម័យកាលដោយឡែកពីគ្នា ហើយរួមគ្នាជាគំនិតមួយ ដើម្បីសិក្សាអំពីការផលិតលោហធាតុសម័យបុរាណ។ តាមរយៈគម្រោងនេះ លោហធាតុដែលយើងស្រាវជ្រាវបានពីកម្ពុជា ពីបារាំង និងអាមេរិកជាដើម នឹងត្រូវយកទៅសិក្សាចងក្រងជាឯកសារផ្សព្វផ្សាយតាមគេហទំព័រនិងបោះពុម្ពផ្សព្វផ្សាយ ដើម្បីអាចឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស អ្នកបុរាណវិទ្យា និងនិស្សិតបានរៀនសូត្រ និងយល់ដឹងពីរបៀបអភិរក្សលោហធាតុ។
ឯកឧត្តម ហង់ ពៅ បានសម្តែងនូវការគាំទ្រចំពោះបទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលមានអ្នកជំនាញស្រាវជ្រាវអន្តរជាតិល្បីៗលើពិភពលោកមកចែករំលែកបទពិសោធន៍ ចំណេះដឹងរបស់ខ្លួនអំពីការស្រាវជ្រាវទាក់ទងនឹងលោហធាតុ ហើយក៏បានពន្យល់អំពីរបៀបការពារ ថែរក្សា និងរបៀបនៃការសិក្សាអំពីលោហធាតុផងដែរ។
នេះជាឱកាសដ៏ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលផ្តល់ឱកាសឱ្យបុគ្គលិកជំនាញបានរៀនសូត្រ យល់ដឹង និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញទាំងនោះ ហើយនៅថ្ងៃក្រោយអាចបន្តការសិក្សាស្រាវជ្រាវ ការពារ អភិរក្សលោហធាតុដោយខ្លួនឯងបាន ព្រោះយើងមានវត្ថុសិល្បៈមួយផ្នែកធំនៅវត្តរាជបូព៌ ការរកឃើញកន្លែងស្លលោហធាតុនៅអតីតបរមរាជវាំងនៅអង្គរធំ ឧដុង្គ កំពង់ធំ និងខ្វាវ ដែលត្រូវការអ្នកជំនាញសិក្សាស្រាវជ្រាវនិងមើលថែ៕
0 comments