(អាហ្សង់ទីន)៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបំពេញសំដៅជំរុញ ឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន ស្របពេលគ្នាជាមួយនឹងកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ដោយមានការចូលរួមពីលោក Axel Addy រដ្ឋមន្រ្តីពាណីជ្ជកម្មលីបេរីយ៉ា (Liberia) លោក Marc Yombouno រដ្ឋមន្រ្តីពាណិជ្ជកម្មហ្គីណេ (Guinea) លោក Willie Pakoa Luen មន្រ្តីអភិវឌ្ឍន៍ពាណិជ្ជកម្មជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងពាណិជ្ជកម្ម និងធុរកិច្ចវ៉ាន់នូអាទូ (Vanuatu) និងលោក Andrew Staines ឯកអគ្គរាជទូត និងអនុប្រធានស្ថានតំណាងបេសកកម្មអចិន្រ្តៃយ៍ប្រចាំទីក្រុងហ្សឺណែវ នៃចក្រភពអង់គ្លេស។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញអំពីស្ថានភាពពាណិជ្ជកម្ម ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពាណិជ្ជកម្មសកលលោក ដោយបញ្ជាក់ថា «ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ មានចំនួនប្រជាជនសរុបប្រមាណ១៣% នៃប្រជាជនពិភពលោក ប៉ុន្តែគិតពីទំហំពាណិជ្ជកម្មវិញមានតិចជាង១% នៃពាណិជ្ជកម្មសកលលោក ដែលកត្តានេះជម្រុញឲ្យប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវធ្វើខិតខំការងារជាច្រើនទៀត សំដៅជម្រុញឲ្យពាណិជ្ជកម្ម អាចដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅសម្រាប់ប្រជាជនក្រីក្រ និងប្រជាជានដែលងាយរងគ្រោះនៅក្នុងពិភពលោក»។
ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា កម្មវិធីការពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) បានជួយគាំទ្រដ៏ចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងផ្នែកផ្គត់ផ្គង់ Supply side Constraints ។ កម្មវិធី (EIF) គឺជាអន្តរការីដ៏ប្រសើរមួយជួយតភ្ជាប់ រវាងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសដទៃទៀតដែលមានបំណង ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនទំហំពាណិជ្ជកម្ម និងការអភិវឌ្ឍ។
ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «បើទោះជានៅមានបញ្ហាប្រឈមខ្លះក៏ដោយ ប្រទេសមួយចំនួនចាប់ផ្តើមទទួលបានលទ្ធផលផ្លែផ្កាខ្លះៗហើយ ដែលវាជាការផ្តល់សង្ឃឹម ដល់គ្រប់ប្រទេសចូលរួមទាំងអស់ក្នុងកម្មវិធីនេះ។ កម្ពុជា គឺជាឧទាហរណ៍មួយ បានបង្ហាញថា កម្មវិធី EIF បានជំរុញផ្នែកខ្លះនៃការអភិវឌ្ឍដូច ពេលបច្ចុប្បន្ននេះ ប្រសិនជាពុំមានការជួយគាំទ្រពីកម្មវិធី ជំនួយសម្រាប់ពាណិជ្ជកម្ម (Aide for Trade) ការអភិវឌ្ឍនឹងមានសន្ទុះមានកម្រិត។ កម្ពុជាទទួលបាននូវដងសន្ទូច ដែលអាចឲ្យកម្ពុជាចិញ្ចឹមជីវិត ដោយខ្លួនឯងបាន ជាជាងការទទួលបានត្រី ដែលអាចចិញ្ចឹមជីវិតបានតែមួយពេល»។
ក្នុងសន្និសីទកាសែត លោក ANDREW STANES ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេស សន្យាផ្តល់ជំនួយប្រមាណ២១.៣ លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្មនវានុវត្ត តបតាមការអំពាវនាវ ឲ្យមានវិធានការលើកកម្ពស់ ពាណិជ្ជកម្មសំដៅប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព៕
0 comments