Wednesday, December 13, 2017

នយោបាយអវកាសថ្មី លោក ត្រាំ «ធ្វើឲ្យអង្គការ NASA គាំទ្រពេញទំហឹង» ដូចជាគម្រោងស្រាវជ្រាវ​ព្រះច័ន្ទ ភពអង្គារ និងទីអវកាសឆ្ងាយៗ…


(វ៉ាស៊ីនតោន)៖ ក្រោយពីទទួលបាន​នយោបាយថ្មី និងច្បាស់លាស់ ពីសំណាក់ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ គ្រប់ផ្នែកនៅក្នុងទីភ្នាក់ងារ​អវកាស​អាមេរិក NASA បានសម្តែងចេញ​នូវការ​អបអរសាទរ និងគាំទ្រដោយ​ការពេញចិត្តខ្លាំង​តែម្តង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន​អវកាស Space នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។


បើតាមការលើក​ឡើងរបស់ លោក ត្រាំ កាលពីដើមសប្តាហ៍នេះ គឺប្រធានាធិបតីអាមេរិករូបនេះ​មាន​បំណងចង់ «ស្តារការដឹកនាំ​របស់អាមេរិក នៅទីអវកាស​ឡើងវិញ» តាមរយៈការ​បោះ​ជំហានធំ ទៅស្រាវជ្រាវ​នៅលើឋានព្រះច័ន្ទ ប្រកបដោយសក្តានុពល​ជាងមុន ដោយមិនមែន​គ្រាន់តែបញ្ជូន​មនុស្សទៅបន្សល់​ទុកដានជើង ដោតទង់ជាតិលើ​ឋានព្រះច័ន្ទ ហើយនាំគ្នា​ត្រឡប់មកផ្ទះវិញ​ដូចកាលពីប៉ុន្មាន​ទសវត្សរ៍មុន​នោះឡើយ។


សេចក្តីថ្លែងការណ៍​របស់ លោក Robert Lightfoot ប្រធានរដ្ឋបាល នៃអង្គការ NASA បានឲ្យដឹងថា «អង្គការ NASA ទន្ទឹងរង់ចាំ ការគាំទ្រដោយផ្ទាល់​ប្រកបដោយប្រយុទ្ធសាស្ត្រភ្លឺស្វាង ពីសំណាក់​លោកប្រធានាធិបតី ដែលជួយឲ្យយើង​បំរើការងារ ក្នុងការបញ្ជូន​មនុស្សទៅកាន់ឋាន​ព្រះច័ន្ទ​ឡើងវិញ និងធ្វើដំណើរ​ទៅកាន់ភពអង្គារ ព្រមទាំងបើកចំហទ្វារ​ទៅរកទីអវកាសឆ្ងាយៗ​ផងដែរ»។


គួរបញ្ជាក់ថា នយោបាយអវកាសថ្មីរបស់ លោក ដូណាល់ ត្រាំ ដែលទើបត្រូវ​បានចុះហត្ថលេខា​ទទួលស្គាល់នាដើមសប្តាហ៍នេះ គឺផ្តោតសំខាន់លើ​ចំណុចធំៗមួយចំនួន​ដូចជា ការធ្វើកិច្ច​សហការ​រវាង​ស្ថាប័នរដ្ឋ និងឯកជន​លើការអភិវឌ្ឍ​កម្មវិធីអវកាស, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ជម្រុញការស្រាវជ្រាវ​ទីអវកាសឆ្ងាយៗ, ការអភិវឌ្ឍវិស័យ​អវកាស ដើម្បីឲ្យអាមេរិក​នៅតែបន្ត​នាំមុខគេ និងការពុះពារ​ទៅរកបេសកកម្ម​ថ្មីៗប្លែកៗ ព្រមទាំងការស្វែងរករបកគំហើញថ្មីៗ និងបច្ចេកវិទ្យា​ដែលអាចរុញច្រានអាមេរិក ទៅរកអនាគតភ្លឺស្វាងផងដែរ៕



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...