(ភ្នំពេញ)៖ បន្ទាប់ពីវាយលុកនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ នាខេត្តកំពង់ចាមកន្លងទៅនោះ ពេលនេះជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះរាលដាល ដល់ស្រុកស្ទោង នៅខេត្តកំពង់ធំថែមទៀត ប៉ុន្តែករណីថ្មីនេះ អ្នកជំនាញពុំទាន់រកឃើញថា មានការឆ្លងទៅលើមនុស្សនៅឡើយទេ។ នេះបើតាមការប្រកាស របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល នៅលើបណ្តាញសង្គម Facebook នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1 កើតលើសត្វបក្សីជាបន្តបន្ទាប់គឺផ្ទុះនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកស្ទោង ខេត្តកំពង់ធំ ករណីផ្ទុះទាំងបីនេះ ពុំទាន់រកឃើញ មានការឆ្លងមកលើមនុស្សនៅឡើយទេ តែមន្រ្តីជំនាញ ក្រសួងសុខាភិបាល កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខភាពមនុស្ស»។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីការចម្លងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងបញ្ជាក់ថា៖ «សូមបងប្អូនប្រុងប្រយ័ត្នជានិច្ច អំពីការចំលងជំងឺផ្តាសាយបក្សី។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឬលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច និងរាយការណ៍ ជាបន្ទាន់ទៅមន្រ្តីជំនាញ»។
តាមរបាយការណ៍របស់ ក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ ២០០៥ ដល់២០១៤ ប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សី មកមនុស្ស ចំនួន៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់បាត់បង់ជីវិត។ ឆ្នាំ២០១៣ ជំងឺនេះបានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និងក្នុងឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់ ។
រោគសញ្ញាជំងឺនេះមានដូចជា គ្រុនក្តៅលើសពី៣៨.៥ អង្សារសេ និងមានរោគសញ្ញាក្អក ឬ ឈឺក ឬដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល៧ថ្ងៃមុនចេញរោគសញ្ញា។ បើចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាពឬមន្ទីរពេទ្យជិតបំផុត ដើម្បីធ្វើការព្យាបាល ហើយកម្ពុជាក៏មានឱសថ សម្រាប់ប្រឆាំងនឹងជំងឺនេះផងដែរ៕
0 comments