(ភ្នំពេញ)៖ក្រោយពីអញ្ជើញជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់តាមបណ្តោយផ្លូវជាតិលេខ៣ សម្តេចប្រមុខរាជរដ្ឋាភិបាលបានសរសេរបង្ហោះនៅព្រឹកនេះថា«សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយមានផ្ទៃពោះ។ អត្ថប្រយោជន៍ ដែលជាសេវាគាំពារសន្តិសុខសង្គមសម្រាប់កូនក្មួយឆ្លងទន្លេ គឺនឹងទទួលបានចាប់ពីម៉ោង ១២:00 យប់ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ នេះតទៅ គឺក្មួយៗកម្មការនីនឹងទទួលបានប្រាក់ឧបត្ថម្ភគាំពារពីបេឡាជាតិដូចដែលបានកំណត់រួចហើយ(កម្មការនីសម្រាលបានកូន(១)គឺទទួល$100 និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ សម្រាលបានកូនភ្លោះ (២) គឺទទួលបាន $200។ សម្រាលបានកូន(៣)គឺបាន $300 បូកនឹងប្រាក់ឧបត្ថម្ភចំនួន$1,250 ថែមទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត)។
***ប្រសិនបើលើស២អាទិត្យ ឬលើស១ខែក្រោយមក កូនក្មួយនៅមិនទាន់ ទទួលបានប្រាក់ឧបត្ថម្ភខាងលើនេះទេសូមកូនក្មួយសរសេរសារ (Message/Comment) មកកាន់ផេក Page ពូ។
ទន្ទឹមនឹងនេះ សូមរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមដានពិនិត្យជាប្រចាំអោយបានហ្មត់ចត់ប្រាកដប្រជា។ រដ្ឋមន្ត្រីពាក់ព័ន្ធនីមួយត្រូវតែទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីដើម្បីធានាអោយបានចំពោះការផ្តល់នូវសេវាគាំពារសង្គមនេះអោយកាន់តែមានប្រសិទ្ឋភាពល្អចំពោះកូនក្មួយកម្មការនី ព្រោះនៅសល់ពេលតែ ៤ ថ្ងៃទៀតតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថាក្នុងសារសំខាន់៨ចំណុចរបស់នាយករដ្ឋមន្ត្រីនៅចំពោះមុខកម្មករកម្មការនីជាងមួយម៉ឺននាក់នៅព្រឹកនេះ សារទី៣និងទី៤និយាយដល់ស្ត្រីមានផ្ទៃពោះ គឺទី៣)ត្រូវអនុវត្តន៍ចំពោះស្ត្រីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាកពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ និងទី៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត៕
0 comments