(ភ្នំពេញ) ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី បានថ្លែងថា គណបក្សសង្គ្រោះជាតិរំលាយ តែនៅលើក្រដាសទេ តែធាតុពិត អតីតបក្សប្រឆាំងមួយនេះ គឺស្ថិតនៅក្នុងបេះពលរដ្ឋខ្មែរគ្រប់គ្នា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសហើយក៏នឹងឈានទៅរកការផ្លាស់ប្តូរនៅកម្ពុជា នាពេលខាងមុខផងដែរ។ ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ ត្រូវបានមន្ដ្រីបក្សកាន់អំណាចចម្អកទៅវិញថា គឺជាសម្ដីដែលមិនហ៊ានទទួលស្គាល់ការពិត។
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា អាសនៈរបស់ អតីតគណបក្សសង្គ្រាះជាតិ (CNRP) ត្រូវបានបែងចែក ទៅឲ្យគណផ្សេងអស់ហើយ ហើយគណបក្សសង្គ្រាះជាតិ មិនអាចមានសុពលភាព នៅថ្ងៃបោះឆ្នោតបានទេហើយការនិយាយអ្វី របស់អតីតមេបក្សប្រឆាំងនេះ ជាសិទ្ធិរបស់គាត់ គ្មានអ្នកណាហាមឃាត់នោះទេ។
លោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១១ ធ្នូ ថា “…គាត់ទៅនិយាយ…ជារឿងរបស់គាត់ ព្រោះ សម រង្ស៊ី មិនដែលទទួលកំហុសរបស់ខ្លួន និងការពិតទេ”។
លោកបានបន្តថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការលើកឡើងបែបទ័លច្រកប៉ុណ្ណោះ ព្រោះតុលាការកំពូលបានរំលាយគណបក្សសង្គ្រាះជាតិ ធ្វើឡើងតាមនីតិវិធីច្បាប់ ហើយបក្សសង្គ្រាះជាតិ មានសុពលភាព ឬគ្មានសុពភាពស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
លោកបានបន្ថែមថា ទោះបីជា លោក សម រង្ស៊ីដើរ និយាយនៅប្រទេសណាក៏គ្មានបញ្ហាដែរ ព្រោះនេះជារឿងរបស់គាត់ ព្រោះលោកសម រង្ស៊ី មិនដែលទទួលកំហុសខ្លួនឯងទេ ៖ “…ទោះបីជាគាត់និយាយថា រស់រវើកយ៉ាងណាក៏ដោយ ឥឡូវតំណាងរាស្ត្រថានៅមានសុពលភាពយ៉ាងណាក៏ដោយ បើតំណាងរាស្ត្រនៅមានសុពលភាព ទៅប្រជុំអីណាណុងទៅ ក្រៅសមុទ្រណុងទៅហើយនឹងបើកប្រាក់ខែឯនាយសមុទ្រហ្នុងទៅ អាហ្នឹងមានទាស់អី…ក៏ប៉ុន្តែនៅនេះ [កម្ពុជា] រាជរដ្ឋាភិបាលរបស់យើង បានបំពេញបែបបទនីតិវិធីត្រឹមត្រូវ ហើយអាសនៈ ដែលបានបែងចែកប៉ុន្មាន ត្រូវបានគេមកជំនួសអស់ហើយ…សួរថា តើគាត់នៅមានសុពលភាពអីទៀត…”៕
0 comments