(កែប)៖សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សរ៍មិនទាបជាង ១លានរៀលដែលជាចំនួនប្រាក់មួយជំនួសឱ្យការលំបាកកាលពីពេលមុន ឯហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យអប់រំវិញ យើងកំពុងដំណើរការរៀបចំជាបន្តទៀតតាមរយៈនៃសភាពការណ៍ថ្មីដែលចេះតែមានតម្រូវការកើនឡើងជាបន្តបន្ទាប់ទាំងអគារសិក្សា និងធនធានគ្រូបង្រៀន។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីមុនយើងចាប់ផ្តើមការអប់រំដោយការប្រើពាក្យថា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ប៉ុន្តែស្ថានភាពនៅពេលនេះគឺផ្សេងគ្នាហើយ ។ កាលពីមុនគ្រូបង្រៀនរបស់យើងគឺរើសឱ្យខានតែបាន ជួនកាលគ្រូមានចំណេះដឹងលើសសិស្សតែមួយថ្នាក់ប៉ុណ្ណោះបញ្ចូលទៅជាក្របខណ្ឌគ្រូបង្រៀនហើយយកទៅធ្វើវិក្រឹត្យការបន្តិចបន្តួចរួចដាក់ឱ្យបង្រៀន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានសង្កាត់ធ្ងន់ថា ឥឡូវនេះវិធានការនៃការបណ្តុះបណ្តាលតាមរយៈ ១២បូក២ ហើយនៅពេលខាងមុខនេះយើងនឹងឈានទៅដល់១២ បូក ៤តែម្តងនៅតាមភូមិភាគ ហើយសម្រាប់ការបណ្តុះបណ្តាលនៅទីក្រុងភ្នំពេញ ក៏មានវិទ្យាស្ថានជាតិអប់រំ ដើម្បីធ្វើការបណ្តុះបណ្តាលគ្រូបង្រៀន សាស្រ្តាចារ្យបរិញ្ញាបត្រ បូក១ដែលនេះហើយជាតម្រូវការនៃការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេស៕
0 comments