(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបង្ហើបឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះថា ប្រទេសកម្ពុជា នឹងមានរោងចក្រធ្វើអាជីវកម្មផលិតមាសខ្នាតមធ្យម លើកដំបូង នៅឆ្នាំ២០១៨។
លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការបានបង្ហើបឲ្យដឹង នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី «ធនធានរ៉ែ» នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧នេះថា បច្ចុប្បន្ននេះ អាជ្ញាបណ្ណស្វែងរុករកធនធានរ៉ែចំនួន១០២ ត្រូវបានផ្តល់ដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីធ្វើការសិក្សាស្រាវជ្រាវរ៉ែលោហៈដែលរួមមាន រ៉ែដែក មាស ទង់ដែង និងបុកស៊ីត។
លោកបន្តថា ចំពោះអាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែចំនួន១៧ ក៏បានផ្តល់ដល់វិនិយោគិន សម្រាប់ធ្វើអាជីវកម្មរ៉ែដែក មាស ធ្យូងថ្ម និងខ្សាច់ស៊ីលីកា ទុនវិនិយោគ សរុបសម្រាប់វិស័យរ៉ែលោហៈទាំងមូលមានចំនួនប្រមាណ ៧៣៣ លានដុល្លាសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងពលកម្មជាង១៥០០នាក់ ហើយក្នុងឆ្នាំ២០១៨ ដែលនឹងឈានមកដល់នាពេលដ៏ឆាប់ខាងមុខនេះ រោងចក្រឧស្សាហកម្មអាជីវកម្មរ៉ែមាសខ្នាតមធ្យម ចំនួន១គ្រោង នឹងចាប់ផ្តើមដំណើរការផលិតមាស ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះ មិនបានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន និងទីតាំងដែលវិនិយោគបើករោងចក្រឧស្សាហកម្ម ផលិតមាសជាលើកដំបូងរបស់កម្ពុជានេះនោះទេ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី «ធនធានរ៉ែ»នេះដែរ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីធ្វើការពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀតពាក់ព័ន្ធនឹង «សេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីធនធានរ៉ែ» ពីសំណាក់ស្ថាប័នឯកជន អង្គការ សង្គមស៊ីវិល និងសាធារណជនទូទៅ មុននឹងដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង និងគណៈរដ្ឋមន្ត្រី។
លោកបន្តថា គោលនយោបាយជាតិនេះ ក៏ជាសក្ខីភាពអះអាងនូវតួនាទីគាំទ្រ និងបង្ហាញនូវការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឧស្សាហកម្មរ៉ែ ឧស្សាហកម្មដែលប្រើប្រាស់វត្ថុធាតុដើមពីធនធានរ៉ែ និងការធ្វើពាណិជ្ជកម្មផលិតផលរ៉ែ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ការលើកទឹកចិត្តឱ្យប្រើប្រាស់កម្លាំងពលកម្មក្នុងតំបន់ និងបញ្ហាយេនឌ័រ ក្នុងវិស័យធនធានរ៉ែ ក៏ត្រូវបានផ្តល់ការយកចិត្តទុកដាក់ផងដែរ។
បើតាមលោករដ្ឋលេខាធិការ គោលនយោបាយធនធានរ៉ែនេះ តំណាងឱ្យរបត់ជំហានដ៏សំខាន់ ក្នុងការរៀបចំវិស័យធនធានរ៉ែឱ្យក្លាយទៅជា ផ្នែកមួយនៃខឿនសេដ្ឋកិច្ចជាតិ ដែលនឹងដើរតួនាទីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្តល់នូវវិបុលភាពដល់ប្រជាពលរដ្ឋ និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ ស្របតាមទិសដៅជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីព្រាងគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយផ្ដោតសំខាន់លើ៖
១៖ ការគ្រប់គ្រងនិងអភិវឌ្ឍធនធានរ៉ែប្រកបដោយចីរភាព
២៖ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសហគមន៍រ៉ែ
៣៖ ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់
៤៖ ការបង្កើតប្រភពចំណូលថ្មីសម្រាប់ជាតិ៕
0 comments