(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យការបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។
ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំជាច្រើនម៉ោងនោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំល្បីៗនៅកម្ពុជា បានជជែកយ៉ាងច្រើនទៅលើបញ្ហាអប់រំនៅកម្ពុជាទាំងបញ្ហាប្រឈម និងការពង្រឹងគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាមិនចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។ ការសម្រេចបែបនេះ បន្ទាប់ពីមានសំណើរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា។
ក្នុងកិច្ចប្រជុំនាព្រឹកមិញក៏មានការពិភាក្សាលើការបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាបញ្ហារបស់ក្រសួងអប់រំ គឺពាក់ព័ន្ធនឹងសេវាសាធារណៈ និងសេវាអធិបតេយ្យ។ សម្តេចបានស្នើឲ្យក្រសួងអប់រំទទួលខុសត្រូវលើការបណ្តុះបណ្តាលនេះ។
ពាក់ព័ន្ធការវាយតម្លៃទៅលើកម្រិតសិក្សាវិញ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការចុះធ្វើអធិការកិច្ចពីក្រសួង ធ្វើយ៉ាងណាឲ្យការវាយតម្លៃនោះមានភាពសុក្រឹត និងកាន់តែទូលំទូលាយ។ ដោយឡែកពាក់ព័ន្ធការវាយតម្លៃជំនាញវិញ សម្តេចតេជោ បានណែនាំឲ្យមានកិច្ចប្រជុំ និងវាយតម្លៃដោយក្រសួងជំនាញ ហើយនៅក្នុងការវាយតម្លៃការសិក្សា ចំណេះដឹងទូទៅ សូមឲ្យក្រសួងដឹកនាំ និង ពិនិត្យធ្វើយ៉ាងណាឲ្យមានការវាយតម្លៃជារួមមួយ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកសិក្សាផ្នែកសុខាភិបាលបញ្ចប់ការសិក្សាជាមុនសិនចាំបញ្ជូនទៅឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ការស្នើសុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៦កន្លងទៅ បានសម្រេចឲ្យនិស្សិតសិក្សាផ្នែកសុខាភិបាលត្រូវស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។
ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចថា និស្សិតដែលរៀនផ្នែកសុខាភិបាលមុនការសម្រេចផ្ទេររបស់សម្តេច គឺអនុញ្ញាតឲ្យរៀនដល់ចប់ទើបបញ្ជូនទៅស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ពីព្រោះពួកគេបានចូលសិក្សាក្រោមការត្រួតពិនិត្យរបស់ក្រសួងអប់រំ។ ដោយឡែកនិស្សិតថ្មី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលតែម្តង។
សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពឲ្យមានការបង្កើតគណៈកម្មការមួយរវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងសុខាភិបាល ដើម្បីពិភាក្សាគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយពាក់ព័ន្ធការបណ្តុះបណ្តាលលើជំនាញសុខាភិបាល៕
0 comments