មូលហេតុអំពីការពន្យារពេលរហូតដល់ឆ្នាំ២០១៩ គឺដោយមូលហេតុក្រុមការងារបច្ចេកទេសត្រូវ សិក្សាស្រាវជ្រាវពីបណ្ដាប្រទេសនៅអឺរ៉ុប ក៏ដូចជាប្រទេសនៅអាស៊ាន ពិសេសគឺសមាគមសន្តិសុខសង្គម ដើម្បីសិក្សាពីយន្តការប្រទេសដែលគេបានដើរជោគជ័យ។ ទន្ទឹមនឹងនេះ ក៏ត្រូវសិក្សាអំពីប្រទេសមួយចំនួនដែលគេបានដើរទៅមិនសូវជោគជ័យ ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រទេសកម្ពុជាដើរទៅជួបបញ្ហាប្រឈម។ ដូច្នេះហើយទើបប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន គ្រោងដាក់ឲ្យអនុវត្តន៍នៅចុងឆ្នាំ២០១៧ ត្រូវលើកពេល។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ជាវ ប៊ុនរិទ្ធ។
អ្នកនាំពាក្យបេឡាជាតិ និងរបបសន្តិសុខសង្គម ប្រាប់ថា ប្រាក់សោធននិវត្តន៍ក្នុងវិស័យឯកជននេះ គ្រោងដាក់ដំណើរការ ឲ្យដូចគ្នានឹងមន្ត្រីរាជការដែរ។
ចំណុចទី១ ការកំណត់អំពីអាយុចូលនិវត្តន៍
អនុលោមទៅតាមច្បាប់របបសន្តិសុខសង្គមគឺកំណត់ ៥៥ឆ្នាំ ប៉ុន្តែកម្មករនិយោជិកអាយុ ៥៥ឆ្នាំនៅមានថាមពល មានន័យថា នៅមានកម្លាំងដើម្បីបម្រើការងារ។ ដូច្នេះ(បសស) គ្រោងនឹងស្នើទៅរដ្ឋាភិបាលធ្វើវិសោធនកម្ម ឲ្យបុគ្គលិកវិស័យឯកជន កម្មករកម្មការិនីចូលនិវត្តន៍ត្រឹមអាយុ៦០ឆ្នាំដូចមន្ត្រីរាជការដែរ។
ចំណុចទី២ ពាក់ព័ន្ធនឹងអតីតភាពការងារ
ចំពោះមន្ត្រីរាជការគឺកំណត់ត្រឹម៣០ឆ្នាំ ហើយកម្មករនិយោជិកក្នុងវិស័យឯកជនក៏គ្រោង៣០ឆ្នាំដូចគ្នា។
ចំណុចទី៣ លក្ខខណ្ឌត្រូវចូលនិវត្តន៍
កាន់តែពិសេសលក្ខខណ្ឌការចូលនិវត្តន៍ របស់កម្មករនិយោជិកដែលមានបញ្ហាកាយសម្បទាវិជ្ជាជីវៈ ឫមានជំងឺមិនអាចបន្តការងារតទៅទៀតបានក៏អាចអនុញ្ញាតឲ្យចូលនិវត្តន៍ និងទទួលបានរបបសោធននិវត្តន៍នេះ។
ចំណុចទី៤ អំពីការផ្ទេរការងារពីរដ្ឋទៅឯកជន ពីឯកជនទៅរដ្ឋ
ប្រសិនបើបច្ចុប្បន្នបម្រើការងារក្នុងវិស័យរដ្ឋ ហើយផ្ទេរទៅឯកជនក៏ត្រូវបូកអតីតភាពការងារជូនហើយបើធ្វើការក្នុងវិស័យឯកជនត្រូវផ្ទេរទៅរដ្ឋក៏ត្រូវបូកអតីតភាពការងារជូន។
លោក ជាវ ប៊ុនរិទ្ធ បន្តទៀតថា កាន់តែពិសេសបំផុត ពលករដែលទៅបម្រើការងារនៅក្រៅប្រទេស ក៏ត្រូវគិតគូរពីបញ្ហាប្រាក់សោធននិវត្តន៍នេះដែរ។ មានន័យថា ពលករខ្មែរទៅបម្រើការងារនៅក្រៅប្រទេសក៏មានប្រាក់សោធននិវត្តន៍ តាមរយៈការផ្ទេររបស់រដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសនោះ។ ដោយឡែកកម្មករបរទេសនៅប្រទេសកម្ពុជា ក៏មានប្រាក់សោធននិវត្តន៍ពីរដ្ឋាភិបាលរបស់ប្រទេសគេដូចគ្នា តាមរយៈការដោះដូរទិន្នន័យ និងផ្ទេរថវិកាឲ្យគ្នាទៅវិញទៅមក រវាងប្រទេសពីរ៕
0 comments