(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូក្រសួងការពារប្រទេស របស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេស ដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជា មានិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ អនុរដ្ឋមន្រ្តីការពារប្រទេសឆែក បានវាយតម្លៃចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាង ប្រទេសទាំង២ ហើយលោកបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺសំដៅពង្រឹង បន្ថែមទៀត នូវភាពជាដៃគូរវាងប្រទេសទាំង២ ហើយនឹងពិភាក្សាស្វែងរកវិធីដើម្បីលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយនឹងការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំង២នេះ។
ឯកឧត្តមបានលើកឡើងផងដែរអំពីបំណងរបស់ប្រទេសឆែក ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការក្នុងពេលអនាគត នៅលើផ្នែកគ្រប់គ្រងទឹកស្អុយ ថាមពលពន្លឺព្រះអាទិត្យ ធនធានរ៉ែ និងបច្ចេកវិទ្យាការពារជាតិ ហើយគំនិតផ្អើមនេះ ត្រូវបានកម្ពុជាស្វាគមន៍។



0 comments