(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងថា សមិទ្ធិផលរីកលូតលាស់នៅក្នុង ប្រទេសកម្ពុជាដូចសព្វថ្ងៃនេះ គ្មានបាតដៃ បក្សប្រឆាំងណាមកចូលរួមនោះទេ គឺមានតែឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាព បើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះ ជិត១០គីឡូម៉ែត្រ នៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី, ប្រជាពលរដ្ឋជាច្រើនរយនាក់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នោះថា «សមិទ្ធិផលរីកលូតលាស់សព្វថ្ងៃនេះ គ្មានបាតដៃបក្សប្រឆាំងណា មកចូលរួមនោះទេ គឺមានតែឥស្សរជន គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសពីរបបខ្មែរក្រហម ហើយខំកសាងប្រទេសដោយបាតដៃទទេ ទំរាំបានដូចសព្វថ្ងៃនេះ»។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ដូច្នេះយើងត្រូវការពារសុខសន្តិភាពនេះ និងប្រឆាំងដាច់ខាតនូវបុគ្គល ដែលចង់បំផ្លាញកម្ពុជា តាមរយៈការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា»។







0 comments