Thursday, November 30, 2017

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយដែលរៀបចំឡើងនៅក្នុងប្រទេសចិន


(ភ្នំពេញ) ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចសន្ទនាគណបក្សនយោបាយដែលរៀបចំឡើងនៅក្នុងប្រទេសចិន។
ឯកឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានមុនឡើងយន្តហោះថា កិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សនយោបាយកុម្មុនិស្តចិន និងគណបក្សនយោបាយនានាមកពីជុំវិញពិភពលោកនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយរដ្ឋាភិបាលចិន។ កិច្ចសន្ទនានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់។


ឯកឧត្តម ស៊្រី ថាមរុង្គ បានឲ្យដឹងផងដែរថា គោលបំណងនៃកិច្ចសន្ទនារវាងគណបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោកនេះ មានគោលបំណងដើម្បីជ្រោងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺការរក្សាស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង និងក្រុមអ្នកវិនិយោគរបស់ចិនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស៊្រី ថាមរុង្គ។


សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដើម្បីចូលរួមពិធីបួងសួងដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី០៣ ខែធ្នូ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញថា ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននេះ នឹងទៅកៀរគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិ។


ប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីអញ្ជើញទៅប្រទេសចិននេះ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម សុខ ចិន្តាសភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍-កម្ពុជា ឯកឧត្តម ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម កៅ គឹមហ៊ន រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី រួមនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...