Saturday, September 25, 2021

TOP NEWS: សារពិសេស! សម្តេចតេជោ ហ៊ុន សែន៖ រក្សាជីវិតបាន មិនខ្វះពេលធ្វើបុណ្យនោះឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញមកសូមការយោគយល់ពីជនរួមជាតិ ចំពោះការសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរក្សាអាយុជីវិតឱ្យបាន គឺជារឿងដ៏សំខាន់បំផុត ហើយការរក្សាជីវិតបាន នឹងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យទាននោះឡើយ។ តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាហានិភ័យខ្ពស់ណាស់ ប្រសិនបើបន្តមានការជួបជុំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត ខណៈអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់មានរហូតដល់ជាង ២ពាន់នាក់។ មិនតែប៉ុណ្ណោះមេរោគបំប្លែងដែលតា កំពុងរាតត្បាតកាន់តែខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈដែលការកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងទៅ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់នោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាមេដឹកនាំមួយរូប សម្តេចមិនអាចឈរឱបដៃមើលភាពមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើលការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនអាចធ្វើទៅបាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «បញ្ហាមានធ្ងន់មានស្រាល តែបញ្ហាអាយុជីវិត និងសុខភាពប្រជាជនជាបញ្ហាអាទិភាពខ្ពស់បំផុត។ ការពារជីវិតបាន មានពេលវេលាច្រើនណាស់ ដើម្បីនឹងធ្វើបុណ្យធ្វើទានតទៅទៀត ប្រសិនបើយើងស្លាប់ដោយសារកូវីដ១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។ ទំនួញប្រែតពេលភ្ជុំ គឺពិតជាធ្វើឱ្យយើងចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំជំងឺ ឬនាំជំងឺទៅវត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ»។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ «សង្ឃឹមថា សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទរបស់យើងមានការយោគយល់ដល់ការលំបាករបស់ខ្ញុំព្រះករុណាខ្ញុំក្នុងការសម្រេចចិត្តធ្វើបែបនេះ ដើម្បីធានាដល់ជីវិតប្រជាជនយើង»។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា បានសម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងទីអារាមមួយចំនួន។ ក្នុងសារសំឡេងនាព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនឱ្យកាត់ផ្តាច់ការនាំចង្ហាន់ ឬទេយ្យទាន របស់ប្រជាពុទ្ធបរិស័ទទៅទីអារាមនោះទេ តែត្រូវសហការជាមួយអាជ្ញាធរក្នុងយកចង្ហាន់ ឬទេយ្យទាននោះទៅទីអារាម ដើម្បីការពារការចម្លង និងរីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ សង្ឃឹមថា អាជ្ញាធរគ្រប់ផ្នែកនឹងសហការគ្នារិះរកវិធីសហការជាមួយប្រជាពុទ្ធបរិស័ទ ដើម្បីធានាថា ព្រះសង្ឃទទួលបានចង្ហាន់ និងទេយ្យទានក្នុងដំណាក់កាលដ៏លំបាកនេះ។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការឈប់សម្រាក និងការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺនៅរក្សាដដែល តែក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមវិធានរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ក្នុងសារសំឡេងព្រឹកថ្ងៃនេះ សម្តេចតេជោ ក៏បានឆ្លៀតបញ្ជាក់ផងដែរថា ចំពោះចម្ងល់មួយចំនួនថា ហេតុអ្វីចាក់វ៉ាក់សាំង បានច្រើនហើយ នៅតែមិនអាចទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩? សម្តេចតេជោ បានបញ្ជាក់លើចំណុចនេះយ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនថា ដូចដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយ វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់តែ។ វ៉ាក់សាំងគ្រាន់តែកាត់បន្ថយនូវការឆ្លង ហើយនៅពេលឆ្លងរួចហើយ កាត់បន្ថយមិនឱ្យមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ។ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេ ដែលជាវិធានការត្រូវប្រកាន់យក ដែលយើងច្រើននិយាយដោយសាមញ្ញថា [៣ការពារ ៣កុំ]»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...