Saturday, September 25, 2021

កិច្ចសម្ភាសន៍លោក ឆាំង យុ៖ ការលើកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ភ្នំពេញ)៖ កាលពីម្សិលមិញ មជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលហិរញ្ញប្បទានសរុបជាសាច់ប្រាក់ ៦លាន៥សែន ដុល្លារសហរដ្ឋអាមេរិក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលនឹងផ្ដល់ការគាំទ្រដ៏សំខាន់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គោលបំណងនៃហិរញ្ញប្បទាននេះគឺ (១) ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមតាមគោលដៅដែលបានគ្រោងទុក (២) បង្កើនការយល់ដឹងអំពីបញ្ហាសុខភាពសាធារណៈ និងការទទួលបានសេវាកម្មសុខភាពសាធារណៈដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង (៣) ធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល ដែលនឹងប្រើជាមូលដ្ឋានព័ត៌មានជំនួយអភិវឌ្ឍន៍នាពេលអនាគតដល់សហគមន៍ និងប្រជាជនកម្ពុជា។ ខាងក្រោមជាកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១៖ សំណួរ៖ ហេតុអ្វីបានជាហិរញ្ញប្បទាននេះមានសារសំខាន់? លោក ឆាំង យុ៖ ហិរញ្ញប្បទាននេះគឺជាជំហ៊ានបន្តលើការងារយុតិ្តធម៌សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបប្រមាណ ៥លាននាក់ ដែលរស់នៅសព្វថ្ងៃនេះ។ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការទទួលបានការថែទាំសុខភាព ឈានទៅដល់ការធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហិរញ្ញប្បទាននេះរួមបញ្ចូលទាំងសារសំខាន់ នៃសមាសភាគស្រាវជ្រាវ និងអប់រំ។ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនការយល់ដឹងសាធារណៈ លើការថែទាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីជាមូលដ្ឋានព័ត៌មានសម្រាប់ការអភិវឌ្ឍនាពេលអនាគតសម្រាប់សហគមន៍ និងប្រជាជនកម្ពុជា។ សំណួរ៖ តើអ្វីជាទិដ្ឋភាពពិសេសនៃហិរញ្ញប្បទាននេះ? លោក ឆាំង យុ៖ ហិរញ្ញប្បទាននេះរួមបញ្ចូល សិស្សនិស្សិតដែលជាអ្នកស្ម័គ្រចំនួន៥០០នាក់ ផ្ដល់សេវាកម្មស្ម័គ្រចិត្តទូទាំងប្រទេស។ គោលបំណងនៃគំនិតផ្ដួចផ្ដើមនេះគឺ ដើម្បីឲ្យអ្នកស្ម័គ្រចិត្តម្នាក់ៗសម្របខ្លួន និងធ្វើការជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិដ្ឋាន និងជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទៅពិនិត្យសុខភាពនៅតាមមន្ទីរសម្រាកព្យាបាលឯកជននៅក្នុងសហគមន៍។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ សិស្សនិស្សិតដែលជាអ្នកស្ម័គ្រមានឳកាលបង្ហាញអំពី ភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងប្រទេសជាតិកម្ពុជា។ សំណួរ៖ តើការថែទាំសុខភាពជាទម្រង់អ្វីដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានទទួលពីហិរញ្ញប្បទាននេះ? លោក ឆាំង យុ៖ គោលបំណងនៃហិរញ្ញប្បទាននេះគឺ គាំទ្រលើការទទួលបានការថែទាំសុខភាព ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវស្ថានភាពខ្លះដែលអាចបង្កគ្រោះថ្នាក់ និងរារាំងអ្នករស់រានមានជីវិតក្នុងការថែទាំសុខភាព។ ផ្ដល់ព័ត៌មានដែលអាចជាចំណេះដឹងអំពីការថែទាំសុខភាពខ្លួនឯងផ្ទាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការថែទាំដែលទទួលបានពីគ្រួសារ។ មជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្ដល់ការថែទាំសុខភាពមូលដ្ឋាន ដោយប្រយោល ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នឹងទទួលបាននៅក្នុងការពិនិត្យសុខភាព។ គោលការណែនាំមូលដ្ឋានទាំងនេះ អាចចាប់ផ្ដើមពីគ្រប់កន្លែង ពីការពិនិត្យ និងផ្ដល់ប្រឹក្សាលើការថែទាំបណ្ដោះអាសន្នដ៏ល្អមួយ ទៅជាការព្យាបាលរបួស និងស្ថានភាពសុខភាពខ្នាតតូច។ សំណួរ៖ តើហិរញ្ញប្បទាននេះកើតចេញពីអ្វី? លោក ឆាំង យុ៖ ហិរញ្ញប្បទាននេះឆ្លុះបញ្ចាំងពីដំណើរ១០ឆ្នាំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវ ចម្រាញ់ រៀបចំសក្ដានុពលសម្រាប់គម្រោងនេះ។ នៅក្នុងឆ្នាំ២០១៧ ឧទាហរណ៍ ក្រុមការងាររបស់មជ្ឍមណ្ឌលឯកសារកម្ពុជារួមទាំង វេជ្ជបណ្ឌិត ដេមី រេយស៍ និងលោកស្រី គឹម សុវណ្ណដានី បានចុះសួរសុខទុក្ខតាម មូលដ្ឋាន និងផ្តល់សេវាថែទាំសុខភាពបឋម ជូនដល់អតីតអ្នកដាក់ពាក្យបណ្តឹង ដើមបណ្តឹងរដ្ឋប្បវេណីរបស់សាលាក្តីខ្មែរក្រហម នៅឯវត្តលលកសថ្មី ស្ថិតក្នុងខេត្តពោធិ៍សាត់ និងបណ្តាខេត្តដទៃទៀត។ សំណួរ៖ តើហិរញ្ញប្បទាននេះទាក់ទងនឹងយុត្តិធម៌យ៉ាងដូចមេ្ដច? លោក ឆាំង យុ៖ និយមន័យនៃយុត្តិធម៌ គឺមិនមែនមានផ្ដោតលើដំណើរការរបស់តុលាការតែម៉្យាងនោះទេ យុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នឹងបន្តតស៊ូរយៈពេលយូរទៅមុខទៀតបន្ទាប់ពី តុលាការខ្មែរក្រហមត្រូវបញ្ចប់។ ហិរញ្ញប្បទាននេះគឺជាការខិតខំប្រឹងប្រែងថ្មីមួយដើម្បីធ្វើឲ្យសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រសើរឡើង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សំណួរ៖ តើមជ្ឈមណ្ឌលឯកសារកម្ពុជា កំណត់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដោយវិធីណា? លោក ឆាំង យុ៖ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំបានបំផ្លាញភាពជាមនុស្សរបស់ប្រជាជន។ មជ្ឈមណ្ឌលឯកសារកម្ពុកមានគោលដៅស្ដារឡើងវិញ នូវអំពើមនុស្សធម៌នៃប្រជាជនទាំងអស់ មិនមែនត្រឹមតែជនរងគ្រោះតែប៉ុណ្ណោះទេ ប៉ុន្តែគឺរួមបញ្ចូលទាំងជនដែលបានប្រព្រឹត្តអំពើឃោរឃៅ។ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងផ្ដល់ការគាំទ្រ និងសេវាកម្មដល់ប្រជាជនកម្ពុជាឲ្យច្រើនតាមអ្វីដែលអាចធ្វើបាន ដោយផ្អែកលើការជឿជាក់ថា ប្រជាជនកម្ពុជាទាំងអស់ ដែលធ្លាប់បានរស់នៅក្នុងរបបខ្មែរក្រហមទទួលការរងទុក្ខវេទនា។ សំណួរ៖ តើជនដៃដល់នឹងទទួលបានការគាំទ្រ និងសេវាកម្មដូចជនរងគ្រោះដែរឬទេ? ឆាំង យុ៖ សំណួរនេះធ្វើឲ្យខ្ញុំនឹកឃើញដល់ការសន្ទនារបស់ខ្ញុំជាមួយជនរងគ្រោះម្នាក់ ដែលចង្អុលបង្ហាញមកខ្ញុំអំពី ការផ្ដល់ការថែទាំសុខភាព និងសេវាកម្មដ៏អស្ចារ្យនេះដល់ជនជាប់ចោទពីបទឧក្រិដ្ឋ ខណៈដែលប្រជាជនកម្ពុជាជាច្រើនដែលធ្លាប់បានរស់នៅក្រោមរបបខ្មែរក្រហមនៅតែបន្តរងទុក្ខពីរបួស និងស្ថានភាពសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ កិច្ចខិតខំប្រឹងប្រែងនេះគឺជាសកម្មភាពសំខាន់ប្ដេជ្ញាក្នុងការផ្ដល់ការថែទាំសុខភាពដល់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមជាច្រើនដែលមិនអាចទទួលបានការថែទាំសុខភាព និង អ្នកដែលកំពុងរងទុក្ខដែលគ្មានអ្នកណាម្នាក់ដឹងឮ។ សំណួរ៖ តើប្រភេទជំងឺ ឬស្ថានភាពសុខភាពណាខ្លះដែលមជ្ឈមណ្ឌលឯកសារកម្ពុជារំពឹងថា នឹងរកឃើញលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម? លោក ឆាំង យុ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង ២០០០នាក់ចាប់តាំងពីឆ្នាំ២០១៧។ ការងាររបស់យើងបានប្រទះឃើញជំងឺប្រហាក់ប្រហែលគ្នាក្នុងចំណោមអ្នកទាំងនោះគឺចំនូន៥ប្រភេទ រួមមាន៖ ១) ជំងឺលើសឈាម ២) ជំងឺបេះដូង ៣) ជំងឺទឹកនោមផ្អែម ៤)ជំងឺស្ទះផ្លូវដង្ហើមរុំារ៉ៃ និងជំងឺរបេងសួត និង ៥)ជំងឺមហារីកសុដន។ សំណួរ៖ តើអ្វីអាចគ្រប់គ្រាន់ក្នុងការតបស្នងដល់ប្រជាជនកម្ពុជា ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម? លោក ឆាំង យុ៖ សោកនាដកម្ម និងអំពើអយុត្តិធម៌ដែលប្រជាជនកម្ពុជាបានជួបប្រទះក្រោមរបបខ្មែរក្រហមគឺ ធំធេងគ្មានអ្វីដែលអាចតបស្នងបាននោះទេ យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនេះគឺជាជំហ៊ានដ៏ចាំបាច់មួយឆ្ពោះទៅរកការគាំទ្រ និងការជួយជ្រុំជ្រែងពិតប្រាកដមួយដល់អ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍។ ការងារនេះនឹងកំណត់គោលដៅមិនត្រឹមតែចំពោះមនុស្សចាស់ និងជនពិការដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតែប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅតាមសហគមន៏ដាច់ស្រយាល និងនៅឆ្ងាយពីមន្ទីរសម្រាបព្យាបាលឯកជន។ នេះគឺជាយុត្តិធម៌ «ការគិតឡើងវិញ»… វាគឺជា «យុត្តិធម៌ផ្សះផ្សា» សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ឆាំង យុ៖ យុត្តិធម៌អន្តរកាលត្រូវតែរួមបញ្ចូលលើសពីសំណងជានិមិត្តរូប វាត្រូវតែរួមបញ្ចូលទាំងសកម្មភាពយ៉ាងយោចណាស់ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ប្រទេសកម្ពុជាអាចជាប្រទេសទី១ ចាប់តាំងពីអំពើឧក្រិដ្ឋកម្មសម្លាប់រង្គាលលើជនជាតិជី្វហ្វនៅអឺរ៉ុប ក្នុងន័យដែលអ្នករស់រានមានជីវិតពីអំពើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ និងអំពើប្រល័យពូជសាសន៍ទទួលបានសំណងទាក់ទងនឹងការស្ដារឡើងវិញនូវសេវាកម្ម ការគាំទ្រ និងការថែទាំសុខភាពពីសហគមន៍អន្តរជាតិ។ យើងទាំងអស់គ្នាគួរតែទទួលស្គាល់ថាកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមគឺជា ជំហ៊ានទៅមុខមួយដែលគួរឲ្យកោតសរសើរ ក៏ដូចជាការចាប់ផ្ដើមនៃការសន្ទនាថ្មីលើនិយមន័យ យុតិ្តធម៌ក្រោយជម្លោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...