Thursday, September 16, 2021

លោក អ៊ូ ច័ន្ទរ័ត្ន មិនទាន់កំណត់ពេលធ្វើសមាជបក្ស ក្រោយទទួលបានការចុះបញ្ជី ខណៈផ្ទៃក្នុងឯកភាពជ្រើសរើស លោក ប៉ុល ហំម ជាប្រធាន

(ភ្នំពេញ)៖ គណបក្សកែទម្រង់កម្ពុជា មិនទាន់កំណត់ពេលដើម្បីធ្វើសមាជលើកដំបូងរបស់ខ្លួននៅឡើយទេ ប៉ុន្តែជាគោលការណ៍នៅក្នុងផ្ទៃក្នុងគណបក្សនេះ គឺបានឯកភាពគ្នាជ្រើសរើស លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើជាប្រធានដឹកនាំបក្ស។ នេះបើតាម លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកមួយរបស់បក្សនេះបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ គណបក្សកែទម្រង់កម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ជាមួយនឹងការចុះបញ្ជីនេះ ក្រសួងមហាផ្ទៃ បានណែនាំឱ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកញ្ញានេះ លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា ក្រៅពីរូបលោក និង លោក ប៉ុល ហំម គឺមានបុគ្គលសកម្មជាច្រើនទៀតដែលចូលរួមជាមួយអតីតគណបក្សនេះ ដោយក្នុងនោះមាន អតីតតំណាងរាស្រ្តខេត្តតាកែវ និងអតីតថ្នាក់ដឹកនាំ នៃCRNP មួយចំនួនដែលរួចផុតពីបម្រាម អតីតអ្នកនយោបាយនៅក្រៅប្រទេស និងមានអតីតប្រធានវិទ្យុអាស៊ីសេរីចូលរួមដែរ។ លោកបញ្ជាក់ថា៖ «មានខេត្ត៣ដែលយើងសម្លឹងថា នឹងអាចធ្វើសមាជ ដោយក្នុងនោះមានទី១. រាជធានីភ្នំពេញ ទី២. ខេត្តបាត់ដំបង និងទី៣. ខេត្តសៀមរាប»។ អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិមណ្ឌលខេត្តតាកែវរូបនេះ បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តីគណបក្សនឹងចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ ខាងមុខនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...